កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ ប៉ូលិស CIB របស់ថៃ បានចុះទៅក្រុមហ៊ុនជួញដូរមាសល្បីមួយកន្លែងនៅទីក្រុងបាងកក ហើយចាប់បានម្ចាស់ក្រុមហ៊ុន ២ នាក់ ក្នុងករណីបោកប្រាស់ ដោយមានជនរងគ្រោះប្រមាណ ១០០ នាក់ ខូចខាតទឹកប្រាក់សរុប ៦០០ លានបាត។
តាមព័ត៌មានបានឱ្យដឹងថា ក្រុមហ៊ុនខាងលើនេះ បានបោកបញ្ឆោតអតិថិជន ជាពិសេសហាងមាសតូចៗ ដោយបានអះអាងថាទទួលទិញមាសក្នុងតម្លៃខ្ពស់ជាងទីផ្សារ តែតម្រូវឱ្យប្រគល់មាសមុន ទើបប្រគល់ប្រាក់ឱ្យតាមក្រោយ ប៉ុន្តែនៅពេលដល់ថ្ងៃកំណត់ ក្រុមហ៊ុនមិនបានប្រគល់លុយឱ្យភ្ញៀវតាមសន្យានោះទេ។ រីឯអ្នកខ្លះទៀត ក៏បានយកមាសទៅផ្ញើ ប៉ុន្តែនៅពេលទៅដកវិញ ខាងក្រុមហ៊ុនមិនប្រគល់ឱ្យឡើយ។ លើសពីនេះ មានអ្នកខ្លះទៀតបានយកមាសចាស់ៗឱ្យក្រុមហ៊ុនច្នៃជាមាសដុំ តែខាងក្រុមហ៊ុនក៏មិនប្រគល់ឱ្យវិញដូចគ្នា។
ក្នុងនោះ ប៉ូលិសបានធ្វើការឃាត់បាននាយកប្រតិបត្តិរបស់ក្រុមហ៊ុនចំនួន ២ នាក់ ក្នុងចំណោម ៣ នាក់ ហើយកំពុងតែស្វែងរកភស្តុតាង ដើម្បីដំណើរការក្តីករណីឆបោក។ ដោយឡែក ការចុះចាប់ខ្លួននេះ ត្រូវបានប្តឹងដោយក្រុមជនរងគ្រោះដែលមានគ្នាសរុបចំនួន ១០០ នាក់ ហើយសរុបជាទឹកប្រាក់គឺខូចខាតរហូតដល់ទៅ ៦០០ លានបាតឯណោះ៕
ប្រភព៖ Khaosod