បើគិតមកដល់ពេលនេះ រយៈពេល ៣ ឆ្នាំមកហើយ ដែលតារាចម្រៀង អ៊ីវ៉ា បានបង្ហាញពីទំនាក់ទំនងស្នេហាជាមួយនឹងគូស្នេហ៍ ដែលគេបានស្គាល់ជាលោក លី សេងហួរ ម្ចាស់ក្លឹបបាល់ទាត់សៀមរាប យូណាធីត បន្ទាប់ពីអ្នកទាំង ២ បានទាក់ទងគ្នាបែប Private អស់រយៈពេល ៧ ឆ្នាំ។ ជាក់ស្តែង មកដល់ឆ្នាំ ២០២៥ នេះ កញ្ញា អ៊ីវ៉ា និង អនាគតកូនកំលោះក៏បានទាក់ទងគ្នាបានប្រមាណជា ១០ ឆ្នាំ ហើយ។

ក្នុងនោះ បើទោះជាមិនទាន់បញ្ជាក់ពីវេលាល្អក៏ពិតមែន ប៉ុន្តែ កញ្ញា អ៊ីវ៉ា និង លោក លី សេងហួរ ក៏បានបង្ហោះរូបភាពដឹកដៃគ្នាទៅរើសឈុតសម្រាប់ពិធីមង្គលនៅសំអាងការរួចរាល់ហើយដែរ។

ងាកមកកាន់ជីវិតគូមុនចូលរោងអាពាហ៍ពិពាហ៍ឯណោះវិញ មហាជនជាច្រើន ច្បាស់ជាធ្លាប់បានសរសើរមកហើយពីព្រេងវាសនារបស់កញ្ញា អ៊ីវ៉ា ដែលបានជួបនឹងបុរសល្អ ដូចជាលោក លី សេងហួរ ដោយដូចពាក្យចាស់ពោលថា «សំណាបយោងដី ស្រីយោងប្រុស» យ៉ាងដូច្នោះ។

ជាក់ស្តែង និយាយពីលោក លី សេងហួរ អនាគតស្វាមី កញ្ញា អ៊ីវ៉ា មហាជនច្បាស់ជាបានជ្រាបហើយថាលោក គឺជាម្ចាស់ក្លឹបបាល់ទាត់សៀមរាប យូណាធីត ដែលចាត់ទុកជាថ្នាក់លើរបស់បុគ្គលជាច្រើនក៏ពិតមែន ប៉ុន្តែបុរសម្នាក់នេះបានបំពេញតួនាទីជាជំនួយការសព្វគ្រប់បែបយ៉ាងក្នុងជីវិតរបស់កញ្ញា អ៊ីវ៉ា។ ក្នុងនោះ លោក លី សេងហួរ តែងតែជួយជ្រោមជ្រែង ប្រឹក្សា ផ្តល់យោបល់សព្វគ្រប់បែបយ៉ាង នៅពីក្រោយភាពជោគជ័យរបស់នាងទាំងការរកស៊ី និង ការងារផ្សេងៗរបស់តារាចម្រៀងស្រីរូបនេះ៕





