ជាអ្នកជំនួញឈានមុខគេមួយរូបនៅកម្ពុជា បច្ចុប្បន្ន អ្នកឧកញ៉ា សៀ ឫទ្ធី កំពុងក្ដោបក្ដាប់នូវមុខជំនួញពហុវិស័យ រាប់តាំងពីផ្នែកដឹកជញ្ជូន និង ភស្ដុភារកម្ម អចលនទ្រព្យ និង ហិរញ្ញវត្ថុ។ តាមរយៈបទសម្ភាសជាមួយ Cambonomist កាលពីពេលថ្មីៗ អ្នកឧកញ៉ា បានលើកឡើងអំពីវិស័យអចលនទ្រព្យ ដែលវានឹងងើបឡើងវិញនៅដើមឆ្នាំ ២០២៦។
នៅក្នុងបទសម្ភាស អ្នកឧកញ៉ា និយាយថា បើនិយាយពីវិស័យអចលនទ្រព្យ ឱកាសកំណើនដូចមុនកូវីដ លែងមានទៀតហើយ ឈប់សង្ឃឹមទៅ។ ប៉ុន្តែចំពោះការធ្លាក់ចុះនេះ អាចថា ៦ ខែទៀតនឹងធ្លាក់ដល់កម្រិតនៃវិស័យអចលនទ្រព្យ មានន័យថាធ្លាក់ដល់បាត។ ដូច្នេះសម្រាប់ការគិតគូររបស់អ្នកឧកញ៉ា នៅឆ្នាំ ២០២៦ ខាងមុខ វិស័យអចលនទ្រព្យនឹងងើបឡើងវិញ។ ការដែលអះអាងបែបនេះ អ្នកឧកញ៉ា ថា ៣ ឆ្នាំចុងក្រោយនេះ ការផលិតមិនមាន គឺមានតែតម្រូវការ ទោះតម្រូវការមានតិចតួចក៏ដោយ វិស័យអចលនទ្រព្យគឺអាស្រ័យបែបនេះ។
ចំពោះការយល់ឃើញ អ្នកឧកញ៉ាបានចង្អុលបង្ហាញទៅលើកត្តា ៣ យ៉ាង។ កត្តាទី ១ កាលណាការផលិតលើស វានឹងចាល់ តម្លៃវានឹងធ្លាក់ចុះ តែបីឆ្នាំចុងក្រោយនេះ មិនមានអ្នកផលិតទៀតទេ គឺធ្វើតាមអ្វីដែលមានស្រាប់។ ដូច្នេះ អ្នកឧកញ៉ា ថាវាលម្មដល់ពេល ដែលវិស័យនេះនឹងងើបឡើងវិញនៅឆ្នាំ ២០២៦។ កត្តាទី ២ ដោយសារកាលណាសេដ្ឋកិច្ចពិភពលោក និង តំបន់មានកំណើន វិស័យដែលរីកមុនគេគឺវិស័យអចលនទ្រព្យ។ កត្តាទី ៣ វាគួបផ្សំជាមួយវិស័យដឹកជញ្ជូន ពីព្រោះបើកម្ពុជាជាប្រទេសផលិត ការកសាងហេដ្ឋារចនាសម្ព័ន្ធក៏កើនច្រើន បូករួមទាំងឃ្លាំង រោងចក្រ ដែលសុទ្ធសឹងជាប្រភពអចលនទ្រព្យ។ ដីនឹងឡើងថ្លៃទៅលើប្រភេទធ្វើរោងចក្រ និង ឃ្លាំង ដែលវាត្រូវបានរាប់បញ្ចូលទៅក្នុងវិស័យអចលនទ្រព្យ៕