អ្នកស្រី ហាក់ លីណា (Lina Hak) គឺជានាយកប្រតិបត្តិនៅភោជនីយដ្ឋាន Topaz ដែលជាភោជនីយដ្ឋានដ៏ល្បីបំផុតមួយនៅកម្ពុជា។ ជាមួយមហិច្ឆតាឈានទៅលំដាប់ពិភពលោក បច្ចុប្បន្ន អ្នកស្រីបានកំពុងបំពេញបេសកកម្ម នាំយកភោជនីយដ្ឋាននេះ ឱ្យមានការទទួលស្គាល់លំដាប់ពិភពលោក ក្លាយជាភោជនីយដ្ឋានលំដាប់ Michelin star ដំបូងគេនៅកម្ពុជា។

នៅលើពិភពលោក ជាទូទៅហាងអាហារដែលទទួលបាន Michelin Star គឺជាហាងអាហារ ដែលជាប់លំដាប់ថ្នាក់ដ៏ខ្ពង់ខ្ពស់បំផុត បង្ហាញអំពីគុណភាពលើហាងអាហារនោះ។ ហេតុដូច្នេះ ដើម្បីទទួលបានការទទួលស្គាល់នេះ អ្នកស្រី ហាក់ លីណា ដែលជានាយកប្រតិបត្តិខ្លាំងប្រចាំហាង បានកំពុងដុតដៃដុតជើង ពង្រឹងទាំងគុណភាព សេវាកម្ម ក៏ដូចជាភោជនីយដ្ឋានទាំងមូល។ អ្នកស្រីពង្រឹងចំណុចលម្អិតដូចជា៖ ប្រភពគ្រឿងផ្សំល្អបំផុត, តិចនិចដ៏ឥតខ្ចោះ, និង បទពិសោធសម្រាប់ភ្ញៀវទាំងមូល។ អ្នកស្រីថា ការសម្រេចបាននូវកម្រិតឧត្តមភាពនេះ តម្រូវការធ្វើការជាក្រុម ចំណង់ចំណូលចិត្ត និង ផ្នត់គំនិតអភិវឌ្ឍន៍ឥតឈប់ឈរ។
សម្រាប់អ្នកស្រី បដិសណ្ឋារកិច្ចគឺលើសពីការធ្វើអាជីវកម្ម វាជាការបង្កើតភាពរីករាយ ការអបអរពេលវេលាដ៏មានអត្ថន័យនៃជីវិត និង ធ្វើឱ្យភ្ញៀវគ្រប់រូបមានអារម្មណ៍ប្រៀបបានដូចជាផ្ទះ។ រង្វាន់ដ៏ធំបំផុតសម្រាប់អ្នកស្រី គឺការឃើញភ្ញៀវសប្បាយរីករាយ មិនថារីករាយនឹងម្ហូបដែលរៀបចំយ៉ាងស្រស់ស្អាត ឬអបអរក្នុងឱកាសពិសេស។ «យើងទទួលរាល់ភ្ញៀវដែលដើរចូលមកកាន់ទ្វារ ប្រៀបបានដូចពួកគេមកលេងផ្ទះរបស់យើង ហើយទំនាក់ទំនងនេះធ្វើឱ្យគ្រប់ពេលទាំងអស់ប្រកបដោយអត្ថន័យ»។ អ្នកស្រី ហាក់ លីណា លើកឡើង។
ជានាយកប្រតិបត្តិភោជនីយដ្ឋានដ៏ល្បីល្បាញ អ្នកស្រី ហាក់ លីណា បំពេញតួនាទីលើសពីការគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃទៅទៀត។ អ្នកស្រីដើរតួជាអ្នកនាំផ្លូវផង ជាអ្នកបង្វឹកផង ហើយក៏ជាអ្នកជំរុញឱ្យរីកចម្រើន និង បង្កើតបរិយាកាសឱ្យក្រុមការងាររីកចម្រើនផងដែរ។ អ្នកស្រីបានចំណាយពេលជាច្រើនក្នុងជីវិត ដើម្បីកសាងខ្លួនឯងជាមនុស្សម្នាក់ ដែលបង្កើតភាពរីករាយដល់អ្នកដទៃ មិនថាតាមរយៈបដិសណ្ឋារកិច្ច គ្រួសារ ឬគ្រាន់តែជាវិធីសម្រាប់បង្ហាញទៅកាន់មនុស្ស។ ហើយតាមរយៈបេសកកម្ម នាំយកភោជនីយដ្ឋានទៅកាន់លំដាប់ Michelin star វាមិនត្រឹមតែធ្វើឡើងដើម្បីភាពអស្ចារ្យប៉ុណ្ណោះទេ តែក៏ដើម្បីនាំយកទេពកោសល្យ ក៏ដូចជាប្រពៃណីកម្ពុជា និង កេរ្តិ៍ឈ្មោះកម្ពុជាទៅកាន់ឆាកអន្តរជាតិផងដែរ៕