មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ច្បាស់ណាស់ថារំជួលចិត្តហូរទឹកភ្នែកដោយមិនដឹងខ្លួន បន្ទាប់ពីបានទស្សនាវីដេអូដែលបង្ហាញពីវីរភាពដ៏អង់អាចក្លាហានរបស់ទាហានកម្ពុជា ដែលលោកឈរពាំងទឹកដីប្រឆាំងការទន្ទ្រានពីភាគីថៃ មិនញញើតសូម្បីបន្តិចនោះឡើយ។


ដ្បិតថាវីដេអូនេះមានរយៈកាលកន្លងទៅច្រើនថ្ងៃខែហើយក្ដី (អាចក្នុងកំឡុងខែកក្កដា) តែបានឆ្លុះបញ្ចាំងពីសេចក្ដីអង់អាចក្លាហានរបស់ទាហានកម្ពុជា ក្នុងការការពារដែនអធិបតេយ្យជាតិ មិនញញើតគ្រាប់កាំភ្លើងសត្រូវនោះឡើយ ដែលជាក់ស្ដែង យើងឃើញមានទាហានកម្ពុជាជើងចាស់មួយរូប ឈរពាំងការពារទឹកដីយ៉ាងក្លាហាន មិនឱ្យទាហានថៃចូលមកទឹកដីខ្មែរ ដោយដៃស្តាំរបស់លោកកាន់កាំភ្លើង ដៃឆ្វេងក្តាប់គ្រាប់បែកយ៉ាងណែន ហើយស្រែកប្រឆាំងដាក់ទាហានថៃថា ៖ «អត់ទេ អញគ្មានទៅខ្លាចទេហា៎ មានរឿងអី និយាយគ្នា…»។


តាមរយៈវីដេអូដ៏រំជួលចិត្តនេះ បានធ្វើឱ្យប្រជាជនកម្ពុជាដែលបានទស្សនា រំជួលចិត្តស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ដោយសារតែមានមោទកភាព និង គោរពនូវការលះបង់ដ៏អង់អាចក្លាហានរបស់លោក ដែលហ៊ាន យកអាយុជីវិត និង សាច់ស្រស់ឈាមស្រស់ ទៅឈរពាំងសត្រូវ ដើម្បីការពារទឹកដីខ្មែរ យ៉ាងអង់អាចក្លាហាន គួរឱ្យគោរពដឹងគុណជាទីបំផុត៕
