នៅទីបំផុតតារាចម្រៀងវ័យ ៣៣ ឆ្នាំ Selena Gomez និង ផលិតករចម្រៀង Benny Blanco វ័យ ៣៧ ឆ្នាំ បានចាប់ដៃគ្នាជាគូជីវិត ដោយបានរៀបអាពាហ៍ពិពាហ៍ កាលពីថ្ងៃ សៅរ៍ ទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៥ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
កម្មវិធីអាពាហ៍ពិពាហ៍នេះ ត្រូវបានរៀបចំឡើងជាលក្ខណៈឯកជន ហើយក្នុងនោះគេរំពឹងថាមានវត្តមានកំពូលតារាល្បីៗ ដែលជាមិត្តស្និទ្ធស្នាលចូលរួមដូចជា Taylor Swift, Paris Hilton, Martin Short, Steve Martin និង តារាល្បីៗជាច្រើនទៀត។
នៅលើ Instagram តារាចម្រៀង Selena Gomez នាងក៏បានបង្ហោះរូបភាពថ្ងៃអាពាហ៍ពិពាហ៍ប៉ុន្មានសន្លឹក ភ្ជាប់មកជាមួយ Caption យ៉ាងខ្លី «9.27.25» ដែលបញ្ជាក់ពីថ្ងៃដ៏មានអត្ថន័យរបស់នាងផងដែរ។
តាមរយៈរូបភាព នៅក្នុងថ្ងៃសំខាន់ Selena Gomez បានគ្រងឈុតកូនក្រមុំចំនួន ៣ ឈុត ដែលឈុតនីមួយៗសុទ្ធតែពណ៌ស មានជារ៉ូបលាតសាច់រលោងវែងអូសដី រ៉ូបសាច់ប៉ាក់ និង រ៉ូបខ្លី មើលមកពិតជាស្រស់ស្អាតបែបស្រទន់ រ៉ូមែនទិក និង អេឡេហ្គង់បំផុត។ បើតាមការដាក់ # រ៉ូបទាំងបីនេះ ច្នៃជាពិសេស ពីម៉ាកហ្វេហ្សិនដ៏ល្បីរបស់អាមេរិក គឺ Ralph Lauren។
គួររំឭកដែរថា តារាចម្រៀង Selena Gomez និង ផលិតករចម្រៀង Benny Blanco បានសហការគ្នាបញ្ចេញអាល់ប៊ុមចម្រៀង I Said I Love You First… And You Said It Back នៅក្នុងខែមីនា បន្ទាប់មកពួកគេបានបង្ហាញទំនាក់ទំនងផ្លូវការនៅក្នុងខែធ្នូ ឆ្នាំ ២០២៣។ ស្រលាញ់គ្នាបានមួយឆ្នាំ អ្នកទាំងពីរបានភ្ជាប់ពាក្យនៅខែធ្នូ ឆ្នាំ ២០២៤៕
ប្រភព៖ people