«ផ្កាសន្សើមដួច» គឺជាប្រភេទផ្កាដែលស្ថិតនៅក្នុងអម្បូរ Droseraceae មានឈ្មោះវិទ្យាសាស្ត្រថា Drosera Burmanii Vahl ដែលផ្កាប្រភេទនេះ តែងមានដុះនៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ី មានកម្ពុជា និង តំបន់ប៉ាស៊ីហ្វិកខាងលិច។

នៅកម្ពុជាយើង ដើមសន្សើមដួច ច្រើនឃើញមានដុះនៅតាមតំបន់ដីសើមដែលមានខ្សាច់ ឬ នៅតាមតំបន់ដីទំនាប ដែលមានសណ្ឋានសើមខួបប្រាំងខួបវស្សា ដែលផ្កាប្រភេទនេះ យើងអាចសំគាល់បានដោយវាមានសណ្ឋានដើមតូចៗ លូតជាប់នឹងដីផ្ទាល់ ជារុក្ខជាតិដែលគ្មានតួដើម ស្លឹករបស់វាមានសណ្ឋានលូតជាស្រទាប់ៗ ក្នុងទម្រង់ដូចកងចក្រ ដែលមានទំហំចន្លោះពី ០,៨ សម – ៣,៥ សម។


អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ទៀតនោះ ផ្កាប្រភេទនេះ ត្រូវបានបុព្វបុរសខ្មែរយកទម្រង់ធម្មជាតិរបស់វា ទៅរចនានៅលើសម្លៀកបំពាក់ និង ចម្លាក់ផ្សេងៗ ដើម្បីឱ្យមានភាពរស់រវើក និង សម្រស់គយគន់មិនណាយ៕

