មានវ័យទើបតែ ២៩ ឆ្នាំ លោក កង សុវណ្ណារ៉ូត ឬ គេច្រើនស្គាល់ឈ្មោះថា Mike Kang ជានាយកគ្រប់គ្រងក្រុមហ៊ុន ហ្រ្គេប ខេមបូឌា។ នៅក្នុងតួនាទី ទន្ទឹមនឹងការដឹកនាំក្រុមហ៊ុន លោកត្រួតពិនិត្យទៅលើយុទ្ធសាស្ត្រ ប្រតិបត្តិការ ការរីកចម្រើននៃការចល័ត ការដឹកជញ្ជូន និង សេវាកម្មផ្សេងៗទៀត។

ជាមួយសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងនវានុវត្តន៍សកល (Global Innovation Management) និង បរិញ្ញាបត្រផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មាន លោកបានជំរុញការរីកចម្រើនរបស់ Grab ពង្រឹងសមត្ថភាពក្រុមការងារក្នុងស្រុក ក៏ដូចជាបង្កើតឱកាសរីកចម្រើនសេដ្ឋកិច្ចកម្ពុជាផងដែរ។


ជាមួយភាពលេចធ្លោនៅក្នុងអាជីព ថ្មីៗនេះទស្សនាវដ្តីអន្តរជាតិដ៏ល្បី Prestige ក៏បានជ្រើសរើសលោកជាបុគ្គលមួយរូប ក្នុងចំណោមបុគ្គល ៤០ នាក់ អាយុក្រោម ៤០ ឆ្នាំ នៅក្នុងកម្មវិធី Prestige 40 under 40 2025 ដែលបង្ហាញពីបុគ្គលមានសមត្ថភាពខ្ពស់ ស្នាដៃល្អនៅក្នុងអាជីព និង មានឥទ្ធិពលទាំងក្នុងប្រទេស និង បណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី៕

