ទសវត្សរ៍ចុងក្រោយនេះ ក្រុមហ៊ុនល្បីៗមានភាពលេចធ្លោនៅកម្ពុជា ភាគច្រើនត្រូវបានដឹកនាំដោយបុគ្គលវ័យក្មេង។ ពួកគេមិនត្រឹមតែមានកម្រិតសិក្សាខ្ពស់ តែថែមទាំងជំនាញក្នុងការបង្កើតយុទ្ធសាស្ត្រ ការធ្វើទីផ្សារ ការទំនាក់ទំនង ជាពិសេស មានភាពច្នៃប្រឌិតសមស្របទៅតាមសម័យជឿនលឿន។ ក្នុងចំណោមនោះ យើងសូមបង្ហាញបុគ្គលវ័យក្មេងចំនួន ៥ រូប ដែលពួកគេកំពុងដឹកនាំក្រុមហ៊ុនល្បីៗនៅកម្ពុជា។

១. លោក Leang Venlong នាយកប្រតិបត្តិ ក្រុមហ៊ុនទឹកពិសាហាយធិច
មានវ័យ ២៨ ឆ្នាំ លោក Leang Venlong បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យ Deakin នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី និង បញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងអន្តរជាតិ ពីសាកលវិទ្យាល័យ Queen Mary នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ ជានាយកប្រតិបត្តិនៃក្រុមហ៊ុន លោកបានដឹកនាំការលក់កើនឡើងលើស ៥០០ % ក្នុងរយៈពេលត្រឹមតែពីរឆ្នាំកន្លះ ដោយធ្វើឱ្យអាជីវកម្មគ្រួសាររស់រានឡើងវិញទៅជាម៉ាកយីហោប្រកួតប្រជែង។ កិច្ចខិតខំប្រឹងប្រែងរបស់លោក ធ្វើឱ្យម៉ាក Hitech ទទួលស្គាល់ជាអន្តរជាតិ រួមទាំងបានពានរង្វាន់មាសពី Monde Selection ផងដែរ។

២. លោក SENGSANG HONG នាយកគ្រប់គ្រង ក្រុមហ៊ុន Sandalwood Cambodia
ក្នុងវ័យ ៣០ ឆ្នាំ មានតួនាទីជានាយកគ្រប់គ្រងនៃ Sandalwood Cambodia ដែលជាក្រុមហ៊ុនគ្រឿងសង្ហារិមប្រណីតនៅកម្ពុជា លោកមើលការខុសត្រូវទៅលើប្រតិបត្តិការ យុទ្ធសាស្ត្រផែនការអាជីវកម្ម និង ស្វែងរកប្រភពផលិតផលនៅទូទាំងពិភពលោក។ ជាមួយការធ្វើដំណើរទៅក្រៅប្រទេស ដើម្បីជួបដៃគូអន្តរជាតិ និង មើលកន្លែងតាំងបង្ហាញជាញឹកញាប់ លោកត្រូវប្រាកដថា គ្រប់ផលិតផលទាំងអស់ គឺត្រូវទៅនឹងស្តង់ដាខ្ពស់របស់ក្រុមហ៊ុន និង ស្របតាមម៉ូដនិយមនាពេលបច្ចុប្បន្ន។

៣. លោក លី ហ្សេឌីន ជំនួយការនាយកប្រតិបត្តិនៅក្រុមហ៊ុន Angkor Palace Development
លោក លី ហ្សេឌីន មានវ័យទើបតែ ២៥ ឆ្នាំ កំពុងកាន់តំណែងជាជំនួយការនាយកប្រតិបត្តិ (Executive Assistant Manager) នៅក្រុមហ៊ុន Angkor Palace Development Co., Ltd. ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំដាប់ខ្ពស់មួយនៅកម្ពុជា។ នៅក្នុងតួនាទី លោកមើលការខុសត្រូវទៅលើគម្រោងសាងសង់ និង រៀបចំអនាគតនៃអាជីវកម្មគ្រួសារ។ ជាមួយជំនាញផ្នែកស្ថាបត្យកម្ម ដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Monash នៅទីក្រុង Melbourne ប្រទេសអូស្រ្តាលី លោក លី ហ្សេឌីន បានចូលរួមយ៉ាងសកម្មគ្រប់ដំណាក់កាលនៃការអភិវឌ្ឍន៍ រាប់តាំងពីការបង្កើតគំនិត រហូតដល់ការប្រតិបត្តិ។ ក្រៅពីការងារខាងលើ លោកក៏បានប្រើជំនាញថត ដើម្បីបង្ហាញពីសម្រស់ប្រទេសកម្ពុជា និង ជួយដល់បុព្វហេតុសប្បុរសធម៌ផងដែរ។

៤. លោក Jonah Norodom Wood អ្នកគ្រប់គ្រងផ្នែកលក់ និង ជាទូតសុច្ឆន្ទៈ នៅក្រុមហ៊ុន Seekers Spirits
ក្នុងវ័យ ២៧ ឆ្នាំ លោក Jonah Norodom Wood គឺជាអ្នកគ្រប់គ្រងផ្នែកលក់ និង ជាទូតសុច្ឆន្ទៈ ឬ BA នៅក្រុមហ៊ុន សេកខឺ ស្ពីរីតស៍ ( Seekers Spirits) ដែលជាក្រុមហ៊ុនផលិតស្រាជីនដ៏ល្បីមួយនៅកម្ពុជា។ មុខមាត់សង្ហាបែបកូនកាត់ លោកត្រូវបានគេស្គាល់ជាបុត្រារបស់ ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចាន់ស៊ីតា (Princess Norodom Chansita) និង ត្រូវជាចៅបង្កើតរបស់ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី។ លោក Jonah Norodom Wood បានបញ្ចប់ការសិក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅសាកលវិទ្យាល័យ University of Groningen នៅប្រទេសហូឡង់។ បច្ចុប្បន្ន ក្នុងតួនាទីជាអ្នកគ្រប់គ្រងផ្នែកលក់ និង ជាទូតសុច្ឆន្ទៈនៃក្រុមហ៊ុនស្រាជីន លោកបាននាំយកបេសកកម្មរបស់ក្រុមហ៊ុនទៅកាន់ជីវិតជាមួយមហិច្ឆតាដ៏រីករាយ ផ្សព្វផ្សាយថាមពលរបស់កម្ពុជា និង រសជាតិទៅទូទាំងពិភពលោក។ លោកមើលការខុសត្រូវលើកម្មវិធីផ្សេងៗ ការធ្វើទីផ្សារ និង ការនាំចេញ រហូតពង្រីកម៉ាកយីហោឱ្យឈ្នះពានរង្វាន់ប្រចាំតំបន់។

៥. លោក កង សុវណ្ណារ៉ូត នាយកគ្រប់គ្រងក្រុមហ៊ុន ហ្រ្គេប ខេមបូឌា
មានវ័យ ២៩ ឆ្នាំ លោក កង សុវណ្ណារ៉ូត ឬ គេច្រើនស្គាល់ឈ្មោះថា Mike Kang ជានាយកគ្រប់គ្រងក្រុមហ៊ុន ហ្រ្គេប ខេមបូឌា។ នៅក្នុងតួនាទី ទន្ទឹមនឹងការដឹកនាំក្រុមហ៊ុន លោកត្រួតពិនិត្យទៅលើយុទ្ធសាស្ត្រ ប្រតិបត្តិការ ការរីកចម្រើននៃការចល័ត ការដឹកជញ្ជូន និង សេវាកម្មផ្សេងៗទៀត។ ជាមួយសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងនវានុវត្តន៍សកល (Global Innovation Management) និង បរិញ្ញាបត្រផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មាន លោកបានជំរុញការរីកចម្រើនរបស់ Grab ពង្រឹងសមត្ថភាពក្រុមការងារក្នុងស្រុក ក៏ដូចជាបង្កើតឱកាសរីកចម្រើនសេដ្ឋកិច្ចកម្ពុជាផងដែរ៕

ប្រភព៖ Prestige
 
				 
															 
															 
															 
															 
															 
															 
															 
															