ថ្មីៗនេះ មានករណីរបស់ស្រ្តីជនជាតិចិនវ័យ ៥៨ ឆ្នាំម្នាក់ បានបាត់បង់ជីវិតយ៉ាងមិននឹកស្មាន ក្រោយពីចេញទៅហាលក្តៅ ហើយរត់មកចូលបន្ទប់ម៉ាស៊ីនត្រជាក់ភ្លាមៗ។
តាមសារព័ត៌មាន Suho បានឱ្យដឹងថា ហេតុការណ៍មួយនេះបានកើតឡើងកាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ ដោយគ្រួសាររបស់ស្រ្តីរងគ្រោះបានរៀបរាប់ឱ្យដឹងថា នៅថ្ងៃកើតហេតុស្រ្តីរូបនេះបានចេញទៅផ្សារទិញអីវ៉ាន់ទាំងថ្ងៃក្តៅចែស ហើយខណៈមកដល់ផ្ទះភ្លាម ក៏បានរត់ចូលទៅក្នុងបន្ទប់ហើយប្រញាប់បើកម៉ាស៊ីនត្រជាក់ ដើម្បីឱ្យឆាប់ត្រជាក់ និង ស្ងួតញើស។
យ៉ាងណាមិញ ក្រោយពីនោះប្រហែល ១០ នាទី ស្រ្តីរូបនេះស្រាប់តែសន្លប់បាត់មាត់ ហើយក៏ត្រូវគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យ តែជាអកុសលក៏បានស្លាប់បាត់បង់ជីវិតទៅហើយ គឺដោយសារតែការដាច់សរសៃឈាមខួរក្បាល។ ដោយឡែក គ្រូពេទ្យបានឱ្យដឹងថា ការផ្លាស់ប្តូរសីតុណ្ហភាពភ្លាមៗ ធ្វើឱ្យរាងកាយសម្របមិនទាន់ និង ងាយបណ្តាលឱ្យមានការស្ទះសរសៃឈាម ហើយបើក្នុងកម្រិតធ្ងន់ធ្ងរ គឺអាចបាត់បង់ជីវិតដូចជាករណីនេះឯង៕
ប្រភព៖ Sanook