តាមរយៈក្រសួងព័ត៌មាន ចុះថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឱ្យពលរដ្ឋខ្មែរ ពិសេសពលករ គួរវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីកុំឱ្យគេប្រមាថ ខណៈការរើសអើងជាតិសាសន៍នៅក្នុងប្រទេសថៃ កំពុងឡើងកម្ដៅ ហើយបច្ចុប្បន្ន នៅប្រទេសកម្ពុជាមានការងារជាច្រើន កំពុងត្រូវការកម្លាំងពលកម្ម។
ការគូសបញ្ជាក់របស់សម្តេចតេជោ បានធ្វើឡើងនៅក្នុងការអញ្ជើញថ្លែងសារពិសេសជូនជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គលើកទី ៣ ព្រឹទ្ធសភា នីតិកាលទី ៥ ត្រូវនឹងថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ។
ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់សមាគមន៍ធនាគារ និង សមាគមន៍មីក្រូហិរញ្ញវត្ថុ ចំពោះការប្រកាសអនុគ្រោះ និង បន្ធូរបន្ថយដល់បងប្អូនពលករខ្មែរដែលវិលត្រលប់ពីថៃមកវិញតាមរយៈការដោះស្រាយលើការបង់ធនាគារ ឬការប្រាក់ជាដើម។ សម្ដេចតេជោ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលវិលត្រលប់ពីថៃមកខ្មែរវិញ សូមខិតខំបំពេញការងារនៅខ្មែរឡើងវិញ ដើម្បីជួយជីវភាព និង គ្រួសារ ខណៈនៅកម្ពុជាកំពុងមានតម្រូវការពលកម្មការងារច្រើន៕
ប្រភព ៖ ក្រសួងព័ត៌មាន