ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ នឹងឈានចូលមកដល់នៅវេលាទៀបភ្លឺ ថ្ងៃចន្ទ ២ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រឹស្តសករាជ ២០២៥ វេលាម៉ោង ០៤ និង ៤៨ នាទីទៀបភ្លឺ។
តាមសៀវភៅមហាសង្ក្រាន្ត ដែលរៀបរៀងដោយឯកឧត្ដម អ៊ឹម បុរិន្ទ អគ្គលេខាធិការរង គណៈកម្មការជាតិរៀបចំបុណ្យជាតិ និង អន្តរជាតិ គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបង្ហាញអំពីទំនាយប្រចាំឆ្នាំម្សាញ់ សប្តស័ក ដូចខាងក្រោម ៖
១. កេណ្ឌព្រះពិរុណសាស្ត្រ
ឆ្នាំនេះពុធជាអធិបតី បាននាគ ១ បង្អុរទឹកភ្លៀង ៦០០ មេ ដែលចែកចេញជា៖
– ចក្រវាឡ ២៤០ មេ
– ព្រៃហេមពាន្ត ១៨០ មេ
– មហាសមុទ្រ ១២០ មេ
– ជម្ពូទ្វីបមនុស្សលោកយើងមានចំនួន ៦០ មេ បណ្តាលឱ្យទឹកភ្លៀងនៅដើមឆ្នាំ កណ្តាលឆ្នាំ និង ចុងឆ្នាំ ភ្លៀងស្មើល្អ។
២. កេណ្ឌធារាទិគុណ
ឆ្នាំនេះស្ថិតនៅរាសីវិច្ឆិកា ត្រូវត្រង់អាបោធាតុចុះ ទំនាយថាអាកាសធាតុត្រជាក់ ទឹកភ្លៀងដើមឆ្នាំ កណ្តាលឆ្នាំច្រើន ចុងឆ្នាំតិច ទឹកច្រើន។
៣. ទំនាយទឹកទន្លេ
ឆ្នាំនេះ ទំនាយអំពីទឹកទន្លេស្ទឹងបឹងបួរ ទំនាយថា ទឹកទន្លេ ស្ទឹងបឹងបួរធំជាមធ្យម។
៤. កេណ្ឌធញ្ញាហារ
ឆ្នាំនេះឈ្មោះថា លាភៈ ទំនាយថាស្រូវក្នុងស្រែចំការបានផល ៩ ភាគ ខូចខាតអស់ ១ ភាគ ប្រជានុរាស្ត្រមានសេចក្តីសុខសិរីសួស្តីចម្រើនជាភយ្យោភាព ធុញ្ញាហារ មង្សាហារ ផល្លាហារ នឹងឧត្តមបរិបូណ៌ប្រសើរណាស់។
៥. ទំនាយការធ្វើស្រែ
ទំនាយកេណ្ឌការធ្វើស្រែ ទំនាយថា ស្រែដីទំនាប និង ស្រែដីទួលគ្រប់ទីកន្លែងបានផលល្អដូចគ្នាទាំងពីរយ៉ាង។
៦. កេណ្ឌព្រឹក្សា
ឆ្នាំនេះត្រូវចំសេស ៥ ត្រូវត្រង់ដើមអំពៅជាស្តេច មានទំនាយថា ក្នុងស្រុកនឹងមានភ្លៀងច្រើន ទឹកនឹងលិចស្រូវ។
៧. កេណ្ឌព្រះអាទិត្យ
ឆ្នាំនេះព្រះអាទិត្យជិះមេឃជាដើមទៅ ទំនាយថា នឹងមានសឹកសង្គ្រាម ស្ត្រីទាំងឡាយនឹងប្រសូត្រកូនល្អ (ជាអតិជាតិបុត្រ) ហើយឆ្នាំនេះមានភ្លៀងច្រើន។
គួរឱ្យដឹងដែរថា សម្រាប់ឆ្នាំថ្មីនេះ ទេវធីតា ដែលនឹងយាងមកគ្រប់គ្រងជម្ពូទ្វីបមនុស្សលោក ជាមគ្គនាយិកាព្រះនាម គោរាគទេវី ជារាជបុត្រីទី ២ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនៅព្រះកាណ៌ដោយសៀតផ្កាអង្គារបុស្ស អភរណៈ កែវមុក្តា ភក្សាហារទ្រង់តេលំ (ប្រេង) ព្រះហស្តស្តាំទ្រង់ព្រះខ័ន្ធ ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់ផ្ទំបិទព្រះនេត្រលើខ្នងសេ្តចព្យាគ្ឃៈ (ខ្លា) ជាយានពាហនៈ៕