បើគិតត្រួសៗ សល់រយៈពេលត្រឹមជាង ១ ខែទៀតប៉ុណ្ណោះ នឹងឈានចូលដល់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ជាឱកាសដែលបងប្អូនខ្មែរគ្រប់គេហដ្ឋាន អាចសម្រាកពីការងារដើម្បីត្រឡប់ទៅស្រុកកំណើតជួបជុំក្រុមគ្រួសារសាច់ញាតិបងប្អូន និង រៀបចំផ្ទះសម្បែងដើម្បីអុជធូបសំពះ ទទួលទេវតាឆ្នាំថ្មី ដែលនឹងយាងមកគ្រងជម្ពូរទ្វីបនៅថ្ងៃច័ន្ទ ទី ១៤ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ៤ និង ៤៨ នាទីទៀបភ្លឺ ដើម្បីថែរក្សាមនុស្សលោកឱ្យមានសេចក្ដីសុខសេចក្ដីចម្រើន ក្នុងឱកាសឆ្នាំថ្មី។
កៀកនឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខិតជិតមកដល់នេះ «ប្រជាប្រិយ» សូមចែករំលែកត្រួសៗពីទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ទ្រង់ព្រះនាម «គោរាគទេវី» ដែលមានដូចតទៅ ៖
១. ព្រះនាម «គោរាគទេវី»
២. ទេវធីតាសង្ក្រាន្តប្រចាំ «ថ្ងៃចន្ទ»
៣. គង់នៅចាតុម្មហារាជិកាសួគ៌ទេវលោក
៤. អម្ពរ «ពណ៌លឿង»
៥. លម្អព្រះកាណ៌ «សៀតផ្កាអង្គារបុស្ប»
៦. គ្រឿងប្រដាប់ «កែវមុក្តា»
៧. ភក្សាហារ តេលំ (ប្រេងធញ្ញជាតិ មានប្រេងសណ្តែក និង ប្រេងល្ងជាដើម)
៨. គ្រឿងអាវុធ ព្រះហស្ថស្តាំ «ព្រះខ័ន» ព្រះហស្ថឆ្វេង «យដ្ឋិ (ឈើច្រត់)»
៩. យានពាហនៈ និង អាការៈ និន្ទ្រាលង់លក់ជាសុខសម្រាន្តលើខ្នងព្យគ្ឃ (ខ្លាធំ)៕
ប្រភព ៖ រៀបរៀងដោយ ទេវធីតាសង្ក្រាន្ត
ក្រាហ្វិករូបភាព៖ ប៊ូ ម៉េងយូ
តុបតែង៖ សម្អាងការប្រសិទ្ធិសិរី
ម៉ូឌែល៖ កញ្ញា ប៉ុន សារ៉ាវត្តី