ស្របពេលកម្ពុជារងការឈ្លានពានកន្លងមក ចំពោះកំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ដ្បិតតែអ្នកនាងកំពុងស្ថិតនៅក្រៅប្រទេស ប៉ុន្តែអ្នកនាងក៏បានបង្ហាញសកម្មភាពយ៉ាងសកម្មចូលរួមជួយប្រទេសជាតិ តាមរយៈការប្រើសំឡេងជួយផ្សព្វផ្សាយរកយុត្តិធម៌ សន្តិភាព និង ភាពស្អាតស្អំជូនជាតិ ព្រមទាំងដាក់ជាមូលនិធិក្រៅប្រទេស ដើម្បីចូលរួមជាជំនួយដល់កងទ័ព និង បងប្អូនភៀសសឹកផងដែរ។
មកដល់ពេលនេះដែរ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏បានបង្ហាញសកម្មភាពត្រឡប់ពីអូស្ដ្រាលីមកកម្ពុជាវិញ ដែលបាននាំយកជំនួយមូលនិធិពីបងប្អូនខ្មែរនៅក្រៅប្រទេស ដើម្បីរៀបចំជាស្បៀងអាហារ សម្ភារផ្សេងៗ ព្រមទាំងថវិកា ត្រៀមចុះទៅជួយដល់បងប្អូនគ្រួសារវីរកងទ័ពពលី និង បងៗកងទ័ពជួរមុខផ្ទាល់។
លើសពីនេះ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា កាន់តែបន្តស្វះស្វែងដាក់មូលនិធិ និង ទទួលថវិកាពីបងប្អូនខ្មែរទាំងក្នុង និង ក្រៅប្រទេស ដែលពេលនេះទទួលបានថវិកាមូលនិធិជាង ១ ម៉ឺនដុល្លារហើយ ដោយអ្នកនាងត្រៀមរៀបចំស្បៀងអាហារ សម្ភារៈ ដើម្បីចុះបេសកកម្មចែកជូនបងប្អូនភៀសសឹក និង កងទ័ពជួរមុខបន្តបន្ទាបទៀតផងដែរ។
ក្នុងនោះ អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះរៀបរាប់ថា ៖ «នាងខ្ញុំពិតជាសូមអរគុណ ដល់ទឹកចិត្តដ៏សប្បុរសរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់ ទាំងក្នុង និង ក្រៅប្រទេស ជាពិសេសបងប្អូននៅប្រទេសអូស្ត្រាលីទាំងអស់ សម្រាប់ការចូលរួមមូលនិធិ ដើម្បីជួយដល់បងៗវីរកងទ័ពជួរមុខទាំងអស់។ គិតត្រឹមថ្ងៃទី 6 ខែសីហា នេះ នាងខ្ញុំទទួលបានទឹកប្រាក់សរុប 13,508.32 US$ (ទឹកប្រាក់របស់សប្បុរសជនពីអូស្ត្រាលីចំនួនសរុប 6,204.54 US$, និង នៅកម្ពុជាចំនួនសរុប 7,303.78US$)។ នាងខ្ញុំសូមអរគុណចំពោះការចូលរួមបេសកកម្មមួយនេះ។ ជូនពរឱ្យបងប្អូនទាំងអស់ សូមឱ្យមានសុខភាពល្អ ជួបតែរឿងល្អៗ»៕