មានរឿងរ៉ាវដ៏គួរឱ្យហួសចិត្តមួយនៅប្រទេសចិន ដែលស្រ្តីម្នាក់ភ្លេចថាខ្លួនទិញផ្ទះមួយខ្នងទុក ដល់ ២៨ ឆ្នាំក្រោយទើបនឹកឃើញ ត្រឡប់ទៅមើលម្តងទៀតស្រាប់តែមានអ្នកដទៃចូលទៅរស់នៅធ្វើមិនដឹង។

តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីរូបនេះបានទិញផ្ទះមួយខ្នងនៅក្នុងគម្រោង Huatianhuayuan នៅទីក្រុង Shenzhen តាំងពីឆ្នាំ ១៩៩២ ក្នុងតម្លៃប្រហែល ៣៣០ ០០០ យ័ន ឬប្រហែល ៤៥០ ០០ ដុល្លារ តែកាលនោះនាងមិនបានដាក់ពាក្យសុំប័ណ្ណកម្មសិទ្ធិ ហើយក៏ចេះតែទុកចោលរហូតដល់ភ្លេចអស់ជាង ២៨ ឆ្នាំ។

លុះដល់ឆ្នាំ ២០២០ កន្លងទៅ ទើបនាងដឹងថាខ្លួននៅមានផ្ទះមួយខ្នងដែលទិញទុកចោល ទើបនាងត្រឡប់ទៅមើល ស្រាប់តែឃើញថាមានអ្នកចូលនៅផ្ទះនោះទៅហើយ។ ដោយគេអះអាងថា មិនឃើញម្ចាស់មកជាច្រើនឆ្នាំ ម្យ៉ាងខាងការិយាល័យរបស់គម្រោងប្រាប់ថាទាក់ទងម្ចាស់មិនបាន ទើបសម្រចចិត្តកាត់សោរចូលមកនៅតែម្តង។ យ៉ាងណាមិញ ស្រ្តីខាងលើនេះមានតែកិច្ចសន្យាទិញផ្ទះតែប៉ុណ្ណោះ ប៉ុន្តែមិនមានប័ណ្ណកម្មសិទ្ធិ ឬភស្តុតាងនៃកម្មសិទ្ធិពេញលេញទេ។ លើសពីនេះទៅទៀត ក្រុមហ៊ុនម្ចាស់គម្រោងដើម ក៏បានលក់គម្រោងនេះឱ្យទៅអ្នកផ្សេងទៅហើយ ជាហេតុធ្វើឱ្យនាងកាន់តែពិបាកក្នុងទាមទារផ្ទះនោះមកវិញទៅទៀត៕

ប្រភព៖ Sanook