ថ្មីៗនេះ លោក Somchai Srisutthiyakorn ដែលជាអតីតគណៈកម្មាធិការរៀបចំការបោះឆ្នោត បានស្នើទៅដល់លោកស្រី Paethontarn ដែលបានឡើងកាន់ដំណែងជារដ្ឋមន្រ្តីក្រសួងវប្បធម៌ ឱ្យយកចិត្តប្រជាជនតាមរយៈការជួលជុល និង សងរបងព័ទ្ធប្រាសាទតាមាន់តូច តាមាន់ធំ និង តាក្របី ព្រមទាំងយកលុយចំពោះអ្នកចូលទៅទស្សនា។
លោក Somchai Srisutthiyakorn បានបង្ហាញការយល់ឃើញនេះនៅតាមបណ្តាញសង្គម ដោយហៅវាថាជាលការបង្កើតស្នាដៃតាមយុទ្ធសាស្រ្ត Quick Win ងាយនឹងឱ្យលោកស្រី Paethongtarn យកចិត្តប្រជាជនបានមកវិញ។ ក្នុងនោះលោកបានណែនាំថា ៖
១. ជួលជុលប្រាសាទទាំងអស់របស់ថៃ ជាពិសេសគឺប្រាសាទដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ដែលនៅក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានវិចិត្រសិល្បៈ ក្រសួងវប្បធម៌ ជាដើម មានដូចជាប្រាសាទតាមាន់ធំ តាក្របី និង តាមាន់តូច។
២. ជួសជុលដោយប្រើប្រាស់ថវិការបស់ក្រសួង ហើយបើសិនជាមិនគ្រប់គ្រាន់អាចសុំថវិកាកណ្តាលមកពីនាយករដ្ឋមន្រ្តីស្តីទី ដើម្បីកសាងរបងជុំវិញប្រាសាទ ដែលជាទឹកដីថៃជាបន្ទាន់ បើនៅតែមិនគ្រាន់ទៀត អាចសុំការបរិច្ចាគពីប្រជាជនថៃ។
៣. មើលថែប្រាសាទឱ្យបានល្អជាប់លាប់ ដោយយកថ្លៃចូលទស្សនា ២០ បាត ចំពោះជនជាតិថៃ និង ២០០ បាត ចំពោះជនបរទេស ចំណែកជនចាស់ជរាឱ្យចូលដោយមិនគិតថ្លៃ។
៤. មានវិធានការការពារនៃការសុវត្ថិភាពនៅប្រាសាទ ដូចជាការឆែកឆេរអាវុធ ការហាមមិនឱ្យបង្កសំឡេងរំខាន ឬ ហាមមិនឱ្យមានការប្រមូលផ្តុំជួបជុំនៅប្រាសាទក្នុងចេតនានយោបាយ។
ផ្អែកលើយុទ្ធសាស្រ្តទាំងនេះ លោក Somchai Srisutthiyakorn ជឿថាការកសាងស្នាដៃពិតជាងាយណាស់ ប្រជាជននឹងពេញចិត្តទូទាំងប្រទេស ហើយការស្ទង់មតិលើកក្រោយប្រជាប្រិយភាពនឹងស្ទុះឡើងតែម្តង៕
ប្រភព៖ CH7