រូបគំនូរ ស-ខ្មៅ ពីរផ្ទាំង ភ្ជាប់មកជាមួយអក្សរ RIP ដែលជារូប លោក អ៊ុក វណ្ណដេ នាយកសាលាដូង និង ជាស្ថាបនិកកាហ្វេសំរាមនៅភ្នំគិរីរម្យ បានកំពុងផ្ទុះការវែកញែក និង ធ្វើឱ្យមហាជនបារម្ភជាខ្លាំង ដោយសារ អក្សរ RIP ជាទូទៅសំដៅដល់ពាក្យពេញ Rest In Peace ឬ សូមឱ្យទៅកាន់ទីស្ងប់សុខ។
ពិតមែនទៅ បើតាមទំព័រហ្វេសប៊ុក កាហ្វេសំរាម រូបគំនូរ លោក អ៊ុក វណ្ណដេ មានអក្សរ RIP ដែលកំពុងដាក់តាំងនៅក្នុងហាងកាហ្វេសំរាមនេះ មិនមែនសំដៅដល់ពាក្យពេញ Rest In Peace ឬ សូមឱ្យទៅកាន់ទីស្ងប់សុខនោះទេ ពោល គឺសំដៅដល់ពាក្យពេញ RIP = Recycle Invent People ឬ អ្នកច្នៃសំរាម។
ដើម្បីជៀសវាងមហាជនយល់ច្រឡំ និង អស់ក្តីបារម្ភបន្តទៀត ហាងកាហ្វេខាងលើ ក៏បានបង្ហោះសារបញ្ជាក់បន្ថែមទៀតថា៖ «ហេតុអ្វីមាសមេយល់ច្រឡំ??? ពាក្យ RIP = អ្នកច្នៃសំរាម = Recycle Invent People ទេ។ សូមកុំយល់តែន័យ ១ នោះឡើយ… សូមបងប្អូនព្យាយាមអានឱ្យជាក់ ចាំញាក់ចិញ្ចើម។ បងប្អូនអើយ បងវណ្ណដេគាត់នៅរស់ទេ គាត់កំពុងមានភារកិច្ចជួយជនភៀសសឹក បងប្អូនអាចតាមដានព័ត៌មានពីគាត់ហ្វេសបុកផេក Van Day Ouk បាន»។
សូម្បីគណនីហ្វេសប៊ុកឈ្មោះ សារិន ស៊ូន KUN KHMER ក៏បានសរសេរបញ្ចេញមតិដែរថា «RIP = Recycle Invent People = អ្នកច្នៃសំរាម។ រូបមួយសន្លឹករបស់បងប្រុសជានាយកសាលាដូង(កាហ្វេសំរាម)មានអត្ថន័យល្អសម្រាប់ដាស់សតិស្មារតីអ្នក ដែលមានផ្លូវចិត្តឆាប់ទោទន់ មើលអ្វីត្រឹមមួយជ្រុង ឆាប់បាក់ស្មារតី ឆាប់ជឿដោយត្រឹមឃើញអ្វី ដែលគេបង្ហាញមិនបានស្វែងយល់អត្ថន័យពិត។ បើអ្នកជាមនុស្សដូច ដែលខ្ញុំរៀបរាប់ខាងលើឃើញរូបមួយសន្លឹកនេះភ្លាម ពិតជាគិតថា “សូមចូលរួមរំលែកទុក្ខ” ប៉ុន្តែបើអ្នកជាមនុស្ស ដែលមានការគិតវែងឆ្ងាយ ផ្លូវចិត្តរឹងមាំ នឹងនរ អ្នកនឹងស្វែងយល់អត្ថន័យពិតជាមុនសិនទើបសន្និដ្ឋាន…។ ចំណាំ: RIP = Recycle Invent People = អ្នកច្នៃសំរាម(អត្ថន័យរបស់គាត់)។ មិនមែន RIP = Rest In Peace = សូមឱ្យទៅកាន់ទីស្ងប់សុខ..នោះទេ»៕