ថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Kobe ក្នុងប្រទេសជប៉ុន បានបង្កើតដោយជោគជ័យនូវទឹកអប់ក្លិនថ្មី ដែលជាក្លិនក្បាលកូនង៉ែតដែលទើបនឹងកើត ហើយទទួលបានការឆ្លើយតបពីទីផ្សារបានយ៉ាងល្អ។
តាមព័ត៌មានបានឱ្យដឹងថា សាស្ត្រាចារ្យ Mamiko Ozaki អ្នកជំនាញខាងសរីរវិទ្យា បានបំផុសគំនិតដោយបង្កើតទឹកអប់នេះឡើង ក្នុងគោលបំណងជួយសម្រាលសេចក្តីនឿយហត់របស់ឪពុកម្តាយចំពោះការមើលថែកូនរបស់ពួកគេ។ ក្រុមអ្នកស្រាវជ្រាវបានយកសំណាកក្លិនពីក្បាលទារកទើបនឹងកើតចំនួន ២០ នាក់ ហើយញែកសមាសធាតុក្លិនបានចំនួន ៣៧ ដោយរកឃើញថាសារធាតុដែលធ្វើមានក្លិននេះចម្បងបំផុតគឺ Nonanal ដែលមានក្លិនក្រអូបប្រហើរស្រដៀងនឹងផ្កា។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ក្លិននេះអាចជួយបំបាត់ភាពហត់នឿយភាពអស់កម្លាំង ទើបច្នៃទៅជាទឹកអប់ឈ្មោះ Poupon Pure ដែលត្រូវបានលក់ដោយក្រុមហ៊ុន Scentfest នៅក្នុងតម្លៃ ២៩៧០ យ៉េនក្នុងចំណុះ ៥ មីលីត្រ។ ទឹកអប់នេះទទួលបានការគាំទ្ររហូតដល់ទៅ ៧៨ ភាគរយពីការដាក់តាំងពិព័រណ៍ ហើយលក់ដាច់អស់យ៉ាងរហ័សស្ទើរមិនគួរឱ្យជឿ៕
ប្រភព៖ Khaosod