បុរសជនជាតិអង់គ្លេសម្នាក់បានទម្លាយពីអាការដេកមិនលក់ធ្ងន់ធ្ងរ ដោយមិនអាចបិទភ្នែកដេកបានសូម្បីមួយស្រឡែតអស់រយៈពេល ២ ឆ្នាំទៅហើយ ខំទៅរកពេទ្យសឹងតែទូទាំងពិភពលោកនៅតែមិនជា និង រកមូលហេតុមិនឃើញសោះ។
បុរសរូបនេះមានឈ្មោះ Oliver Alvis វ័យ ៣២ ឆ្នាំ។ តាមការឱ្យដឹង លោកមិនអាចបានបិទភ្នែកដេកសូម្បីតែមួយវិនាទីឡើយរយៈពេល ២ ឆ្នាំកន្លងមកនេះ វាធ្វើឱ្យលោកឈឺចាប់ពេញរាងកាយ ឈឺទាំងសាច់ដុំ ឈឺឆ្អឹងឆ្អែង រីឯភ្នែកសឹងតែខ្វាក់ និង មិនដើរត្រង់ដូចគេដូចឯងបានទៀតនោះទេ។ លើសពីនេះទៅទៀត វាធ្វើឱ្យលោកមានអារម្មណ៍ថាដូចជាមនុស្សបាត់ស្មារតី ពិបាកទ្រាំទ្រសភាពបែបនេះខ្លាំងណាស់។ បើទោះបីជាលោកប្រើថ្នាំងងុយដេកមានកម្រិតខ្លាំងយ៉ាងណា ក៏នៅតែមិនអាចដេកបានដែរ។
Oliver Alvis បានបន្តទៀតថា លោកបានបង្ខំចិត្តលក់ផ្ទះដែលទើបនឹងទិញ ហើយត្រឡប់ទៅរស់នៅជាមួយម្តាយវិញ ជាពិសេសគឺលោកបានចំណាយប្រាក់អស់ជាច្រើនក្នុងការធ្វើដំណើរទៅរកពេទ្យនៅក្រៅប្រទេសទូទាំងពិភពលោក មានដូចជា ឥណ្ឌា អ៊ីតាលី ទួរគី កូឡុំប៊ី ជាដើម តែគ្មានគ្រូពេទ្យណាមួយរកឃើញមូលហេតុ ឬ វិនិច្ឆ័យជំងឺរបស់លោកបានច្បាស់លាស់នោះទេ។
យ៉ាងណាមិញ អ្នកជំនាញខ្លះសន្និដ្ឋានថា Oliver Alvis អាចជំងឺដេកមិនលក់បែបស្មុគស្មាញខ្លាំង ដោយមានអារម្មណ៍ថាមិនបានគេងទាល់តែសោះ តែតាមពិតខួរក្បាលរបស់គេអាចចូលក្នុងសភាវដេកលក់ខ្លះទៅហើយ៕
ប្រភព៖ Khaosod