ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រនៅមហាវិទ្យាល័យ King’s College London បានបង្ហាញការស្រាវជ្រាវថ្មី ដែលជាថ្នាំដុសធ្មេញធ្វើឡើងពីសារធាតុដែលនៅក្នុងសរសៃសក់ ស្បែក និង រោមចៀម ហើយអាចជួយជួសជុលធ្មេញបានតាមធម្មជាតិ។
តាមការសិក្សាបានឱ្យដឹងថា សារធាតុ keratin ដែលជាប្រូតេអ៊ីនដែលមាននៅក្នុងសរសៃសក់ ស្បែក និង រោមចៀម ហើយត្រូវគេប្រើសម្រាប់ផលិតសាប៊ូព្យាបាលសក់កន្លងមក ក៏អាចយកមកផលិតជាថ្នាំដុសធ្មេញសម្រាប់ជួសជុលស្រទាប់ធ្មេញបានដែរ។ ក្នុងនោះ នៅពេលដែល keratin មានប្រតិកម្មជាមួយនឹងសារធាតុរ៉ែនៅក្នុងទឹកមាត់ វានឹងបង្កើតស្រទាប់ការពារ និង ជួយជួសជុលស្នាមប្រេះតូចៗ ក៏ដូចជាការសឹកធ្មេញបានយ៉ាងល្អ។
នៅពេលបច្ចុប្បន្ន ថ្នាំដុសធ្មេញនេះត្រូវបានគេផលិតឡើងពីរោមចៀម តែនៅពេលអនាគតវានឹងអាចផលិតឡើងដោយទាញ keratin ពីសរសៃសក់មនុស្សដោយផ្ទាល់ ហើយថ្នាំដុសធ្មេញនេះ រំពឹងថានឹងអាចបង្ហាញខ្លួនក្នុងទីផ្សារនៅរយៈពេល ២ ទៅ ៣ ឆ្នាំខាងមុខ នៅក្នុងតម្លៃសមរម្យដែលអាចមហាជនទទួលយកបាន៕
ប្រភព៖ Khaosod