មហាជនលើបណ្ដាញសង្គមសុទ្ធសឹងតែបានស្គាល់ហើយពីស្រីស្អាត ហេង រិនសុម៉ាលីតា ដែលជាម្ចាស់ជ័យលាភីធីតាឯកសង្ក្រាន្តរដូវកាលទី ៣ និង ជាតារាស្រីក្ដោបបានការងារក្នុងសិល្បៈជាច្រើន ទាំងការដើរម៉ូដ ច្រៀង ថតប្រូម៉ូតផលិតផល និង សម្ដែងភាពយន្តខ្មែរជាដើម។ ក្រៅពីអាជីពសិល្បៈ នាងក៏បម្រើការងារជានារីអាកាសចរណ៍ដ៏មានប្រជាប្រិយភាពមួយរូប។


ក្រោយប្រឡូកការងារសិល្បៈពេញទីបានមួយរយៈ ប៉ុន្មានឆ្នាំក្រោយនេះ ធីតាឯកសង្ក្រាន្ត ម៉ាលីតា ក៏បានត្រឡប់ទៅកាន់អាជីពដើមរបស់ខ្លួនវិញ ជានារីអាកាសចរណ៍ដែលនាងធ្លាប់ធ្វើតាំងតែពីរៀននៅសាកលវិទ្យាល័យឆ្នាំទី ១ អំឡុងឆ្នាំ ២០១៨ មកម្ល៉េះ។ តាមរយៈការបង្ហោះសកម្មភាពផ្សេងៗនៅលើគណនីហ្វេសប៊ុក ម៉ាលីតា ជានារីអាកាសចរណ៍ដែលអាចនិយាយបាន ៣ ភាសា ចិន អង់គ្លេស និង ភាសាដើមកំណើត រីឯរូបសម្រស់វិញ បច្ចុប្បន្ន ហាក់មើលទៅកាន់តែស្រស់ស្អាតប្លែកជាងមុន។

មកដល់ថ្មីៗកន្លងទៅនេះ អ្វីរឹតតែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍លើស្រីស្អាត ម៉ាលីតា ជាពិសេសសរសើរទាក់ទងនឹងសមត្ថភាពរបស់នាង ខណៈបានឃើញនាងបង្ហាញពីការសម្រេចក្ដីស្រមៃដ៏ធំមួយក្នុងការខំប្រឹងប្រែងអស់រយៈពេលជាង ៧ ឆ្នាំ លើវិស័យអាកាសចរណ៍ ដែលពេលនេះនាងកាន់តែទទួលបានភាពជោគជ័យ ក្រោយជាប់ជាបុគ្គលិកបម្រើការងារក្នុងក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងលើពិភពលោកទៀតផង គឺក្រុមហ៊ុន Emirates។




លើសពីនេះ ក្រោយជាប់ឈ្មោះជាបុគ្គលិកក្នុងក្រុមហ៊ុន Emirates ម៉ាលីតា ក៏ត្រូវបានតម្រូវឱ្យនាងទៅរស់នៅឯទីក្រុងឌូបៃ ប្រទេសអារ៉ាប់រ៉ូម ដើម្បីធ្វើហ្វឹកហាត់រៀនបន្ថែមរយៈពេលប៉ុន្មានខែ ដែលពេលនេះ នាងក៏បានក្លាយជាបុគ្គលិកពេញសិទ្ធ ចូលមប្រើការងារក្នុងក្រុមហ៊ុនអាកាសចរណ៍ដ៏ធំនេះជាផ្លូវការហើយដែរ៕





