ថ្មីៗនេះ មានហេតុភេទដ៏គួរឱ្យចម្លែក បានកើតឡើងនៅក្នុងភូមិមួយនៅប្រទេសថៃ ដែលអ្នកស្រុកជឿថាមានវិញ្ញាណអាប ចូលសណ្ឋិតនារីក្រមុំៗ រួចស៊ីព្រលឹងពួកនាង រហូតបង្កឱ្យមានការភ័យខ្លាចពេញទាំងភូមិ។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅភូមិ Ban Nonsawan ឃុំ Phathai ស្រុក Tha Uthen ខេត្ត Nakhon Phanom។ ក្នុងនោះ អ្នកស្រុកបានជឿថា មានក្មេងស្រីក្រមុំៗ ៥ ទៅ ៦ នាក់ទៅហើយ ដែលត្រូវព្រលឹងអាបចូលសណ្ឋិត ហើយក៏ត្រូវញាតិមិត្តនាំទៅវត្តស្រោចទឹកផង ពាក់យ័ន្តផង ទើបអាចទប់ទល់បាន។
ដោយឡែក មានករណីរបស់ក្មេងស្រីវ័យ ១៧ ឆ្នាំម្នាក់ ត្រូវបានគ្រួសាររៀបរាប់ឱ្យដឹងថា នាងត្រូវវិញ្ញាណអាបចូលសណ្ឋិត ដែលវិញ្ញាណនោះគឺជាខ្មោចអាបតាចាស់ឈ្មោះ ចំប៉ា ហើយមិនត្រូវការស៊ីឈាមទេ តែចូលចិត្តតែក្មេងស្រី និង ត្រូវការបឺតយកភាពជាក្រមុំស្រស់ស្រាយរបស់ក្មេងស្រីៗ។
ដំបូងឡើយគ្រួសារមិនជឿឡើយថា នាងត្រូវវិញ្ញាណអាបចូល តែនាងមើលទៅមិនមែនជាខ្លួនឯង និង ស្គមស្គាំងខុសធម្មតា ហើយអ្នកស្រុកក៏នាំគ្នាផ្អើលថាមានវិញ្ញាណអាបមកអុកឡុកក្នុងភូមិ ទើបជឿថានាងត្រូវគេចូលសណ្ឋិតពិតមែន ប៉ុន្តែមកទល់ពេលនេះ ទោះស្រោចទឹកជាច្រើនថ្ងៃជាប់គ្នាទៅហើយក្តី តែនាងនៅមិនទាន់បានធូរស្បើយនៅឡើយទេ៕
ប្រភព៖ Khaosod