នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៥ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន មានអ្នកជំងឺផ្តាសាយបក្សីមួយករណីទៀត កើតលើកុមារីអាយុ ៣ ឆ្នាំ ដែលបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ និង វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៥។
ក្រសួងសុខាភិបាលបានឱ្យដឹងថា អ្នកជំងឺមានទីលំនៅក្នុងភូមិចេក ឃុំស្វាយចចិប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មានរោគសញ្ញាគ្រុនក្តៅ រាក ក្អក និង ឈឺពោះ ខណៈតាមការសាកសួរបង្ហាញថា នៅផ្ទះអ្នកជំងឺ និង ផ្ទះអ្នកជិតខាង មានមាន់ ទា ឈឺ និង ងាប់ជាបន្តបន្ទាប់ ប្រហែលមួយសប្តាហ៍មុនថ្ងៃកុមារឈឺ។ បច្ចុប្បន្នអ្នកជំងឺកំពុងទទួលបានការព្យាបាលដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។
ក្នុងនោះផងដែរ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ បាន និង កំពុងសហការជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្ត និង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្តាសាយបក្សី និង ធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និង ពិធីសារបច្ចេកទេស ស្វែងរកប្រភពចម្លង ទាំងលើសត្វ និង មនុស្ស និង ស្វែងរកករណីសង្ស័យ និង អ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមីហ្វ្លូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និង ធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើផងដែរ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖