មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាចូលរួមរំលែកទុក្ខ និង សម្ដែងក្ដីសោកស្ដាយទៅកាន់គ្រួសារសព បន្ទាប់ពីបានជ្រាបករណីក្មេងប្រុសអាយុជាង ៤ ឆ្នាំមួយរូប បានស្លាប់ដោយសារតែលេងផ្លុំកញ្ចែស្លាក់ចូលបំពង់ខ្យល់ស្លាប់ភ្លាមៗ ស្ថិតនៅភូមិធ្លក ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។
ទាក់ទិនទៅនឹងករណីនេះ នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៥ តាមប្រភពពីប្រជាពលរដ្ឋដែលមានគណនីឈ្មោះ ប៉ៃ តិញ បានបញ្ជាក់ឱ្យដឹងថា មានករណីកុមារាមួយរូបមានឈ្មោះ កិម រតនា មានអាយុ ៤ ឆ្នាំ ៥ ខែ បានបាត់បង់ជីវិតដោយសារលេងផ្លុំកញ្ចែ ដែលបណ្ដាលឱ្យចូលបំពងខ្យល់ សង្គ្រោះមិនទាន់ស្លាប់ភ្លាមៗ នៅវេលាម៉ោងប្រហែល ១៖០០ នាទី ដែលហេតុការណ៍នេះ កើតឡើងនៅចំណុចភូមិធ្លក ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ ។
ក្រោយកើតហេតុ ក្រុមគ្រួសារសពបានរៀបចំធ្វើពិធីបុណ្យទៅតាមប្រពៃណី ខណៈនេះជាមេរៀនសម្រាប់អាណាព្យាបាល ឬ ឪពុកម្ដាយដែលមានកូនតូចៗ គប្បីប្រយ័ត្នចំពោះឧបករណ៍ក្មេងលេងប្រភេទកញ្ចែផ្លុំនេះ ចៀសវាងបង្កគ្រោះថ្នាក់ដល់អាយុជីវិតកុមារដូចដែលបានកើតឡើងខាងលើ៕