កាលពីម៉ោង ៤ ទាបភ្លឺ ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៥ មានហេតុការណ៍បាក់ដាច់ផ្លូវចូលទៅរមណីយដ្ឋានក្បាលឆាយ បណ្ដាលឱ្យស្រ្តីម្នាក់ដែលកំពុងជិះម៉ូតូ បានបាត់ខ្លួនតាមទឹកហូរ បន្ទាប់ពីការបាក់ផ្លូវនេះ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ស្ត្រីដែលបានបាត់ខ្លួន មានឈ្មោះ ទ្រី ផល្លី ជិះម៉ូតូម៉ាក SUZUKI SMASH គ្មានស្លាកលេខ ធ្វើការជាចុងភៅនៅភោជនីយដ្ឋានមួយកន្លែង នៅអូរ៣ សង្កាត់៤ ក្រុងព្រះសីហនុ ដែលក្នុងហេតុការណ៍នេះ សមត្ថកិច្ច និង ក្រុមគ្រួសារសន្និដ្ឋានថា គ្រោះថ្នាក់នេះទំនងជាកើតឡើងពេលស្ត្រីរងគ្រោះចេញពីធ្វើការត្រឡប់មកផ្ទះវិញ បើកម៉ូតូឆ្លងកាត់ចំពេលបាក់ផ្លូវ។
បន្ទាប់ពីជ្រាបដំណឹងនេះ នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បានបញ្ចេញកម្លាំង សហការជាមួយសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ចុះស្វែងរកស្រ្តីដែលបាត់ខ្លួនតាមទឹកហូរខាងលើ ដែលគិតត្រឹមព្រលប់ថ្ងៃ ២៣ មិថុនា គឺឃើញត្រឹមម៉ូតូ ខណៈមនុស្សនៅពុំទាន់រកឃើញនៅឡើយ៕
ប្រភព ៖ Huy Bunleng News