គិតត្រឹមថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៥ នេះ គឺសល់ពេលប្រមាណត្រឹមជាង ១០ ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានចូលដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ដែលនឹងចូលមកដល់នៅវេលាទៀបភ្លឺ ថ្ងៃច័ន្ទ ២ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រឹស្តសករាជ ២០២៥ វេលាម៉ោង ០៤ និង ៤៨ នាទីទៀបភ្លឺ។
កៀកនឹងថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីខិតជិតមកដល់នេះផងដែរ វត្តឧត្តមមានជ័យ នៅខេត្តព្រៃវែង ដែលមហាជនស្គាល់ថា ជាទីអារាមដែលមានច្នៃរូបរាងសត្វតាមឆ្នាំ ជារៀងរាល់ឆ្នាំនោះ បានរៀបចំនូវសត្វតំណាងឆ្នាំក្នុងឆ្នាំថ្មី ឆ្នាំម្សាញ់នេះរួចរាល់ហើយ គឺជារូបស្ដេចសត្វពស់ញីឈ្មោលមួយគូ ដែលសង់ឡើងពីចំបើង និង ចូលរួមបង្កើតផ្ទាល់ពីសំណាក់ព្រះសង្ឃ និង នេននៅក្នុងវត្ត។
ក្នុងនោះ បើតាមការឱ្យដឹងពីវត្តឧត្តមមានជ័យ ហៅវត្តពាម ដែលស្ថិតនៅស្រុកពាមរក៏ ខេត្តព្រៃវែង បានឱ្យដឹងថា ស្ដេចពស់ឈ្មោល ធ្វើពីចំបើង តំណាងឱ្យឆ្នាំម្សាញ់ ដែលញាតិញោមតែងតែសួររក ឥឡូវនេះ វត្តឧត្តមមានជ័យ បានធ្វើរួចរាល់ និង បង្ហាញជូនឱ្យឃើញតែម្ដង ខណៈពស់នេះ មានកម្ពស់ ៤ ម៉ែត្រ និង ប្រវែងដងខ្លួន ១៦ ម៉ែត្រ៕