ថ្មីៗនេះ មានរឿងរ៉ាវមួយនៅប្រទេសថៃ ដែលបុរសម្នាក់បានយល់សប្តិឃើញឪពុកដែលស្លាប់មកហៅទៅនៅជាមួយ មិនយូរប៉ុន្មានគ្រាន់តែជិះម៉ូតូចេញទៅធ្វើការ ស្រាប់តែប្រទះគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅតាមផ្លូវ។
ហេតុការណ៍មួយនេះ បានកើតឡើងនៅស្រុក Bang Pakong ខេត្ត Chachoengsao ដោយបុរសជាជនរងគ្រោះមានវ័យ ២៦ ឆ្នាំ។ នៅមុនថ្ងៃកើតហេតុ បុរសរូបនេះបានយល់សប្តិឃើញថាឪពុកដែលស្លាប់ទៅ ចង់មកយកខ្លួនទៅនៅជាមួយ ហើយដោយសារតែមានអារម្មណ៍មិនល្អ ទើបបាននិយាយប្រាប់ម្តាយ ព្រមទាំងឆ្លៀតកាត់ជាយសារ៉ុងម្តាយដាក់តាមខ្លួន ដើម្បីការពារពីរឿងមិនល្អ រួចក៏បានជិះម៉ូតូចេញទៅធ្វើការ។
យ៉ាងណាមិញ ខណៈចេញទៅមិនទាន់បានប៉ុន្មាន ស្រាប់តែបុរសរូបនេះក៏បានជិះម៉ូតូជ្រុលទៅបុកឡានដឹកដែកមួយទំហឹង បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ដែលធ្វើឱ្យម្តាយសោកស្តាយយំខូចចិត្តយ៉ាងខ្លាំង ព្រោះមិននឹកស្មានថាយល់សប្តិរបស់កូនប្រុសក្លាយជាការពិត៕
ប្រភព៖ Khaosod