ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និង នឹកស្មានមិនដល់ នាពេលថ្មីៗនេះ មាននារីម្នាក់បានបង្ហោះសារចែករំលែក ពីករណីម្ដាយរបស់ខ្លួន ធ្លាប់ត្រូវបានអមនុស្សចូលសណ្ឋិតកាលពីឆ្នាំ ២០២២ និង នៅថ្ងៃទី ២៤ ខេមីនា ឆ្នាំ ២០២៥ ថ្មីៗនេះ ក៏មានព្រាយចូលសណ្ឋិតជាថ្មីម្ដងទៀតធ្វើឱ្យកូនចៅស្លុតអស់មួយផ្ទះ។
ទាក់ទិនទៅនឹងរឿងរ៉ាវដ៏នឹកស្មានមិនដល់នេះ តាមរយៈគណនីហ្វេសប៊ុកនារីម្នាក់ដែលត្រូវជាកូនមានឈ្មោះ Soda Vin បានចែករំលែករឿងរ៉ាវ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ ឱ្យដឹងថា ៖ «ឆ្នាំ ២០២២ ម៉ែត្រូវបានខ្មោចចូល នៅម៉ោង ៨ យប់ មនុស្សពីរផ្ទះផ្អើលចាប់ម៉ែជាប់ កូនចៅភ័យណាស់ម្នាក់ៗស្លុតអស់ហើយ រយៈពេលជិត ២ ម៉ោងក្រោយពីចរចាត្រូវព្រមយកសំណែនម៉ែក៏មកធម្មតាវិញ។ លុះនៅថ្ងៃនេះ ថ្ងៃចន្ទទី ២៤ ម៉ោង ៨៖៤០ នាទីយប់ ព្រាយចូលម៉ែម្ដង កូនចៅស្លុតអស់មួយផ្ទះ»។
ស្ត្រីដែលត្រូវជាកូន បានរឿបរាប់ពីដំណើររឿងដែលបានកើតឡើងលើម្ដាយរបស់ខ្លួនដូចតទៅ ៖ «ម៉ែ និង ខ្ញុំ បានដើរហាត់ប្រាណជុំវិញម្ដុំផ្ទះដូចរាល់ដង តែមេឃហាក់ដូចងងឹតណាស់ ប៉ុន្តែខ្ញុំ និង ម៉ែ ដើរជាមួយគ្នាដូចរាល់ដង ក្រោយពេលបាយរួចកន្លះម៉ោង នៅជិតផ្ទះដូចតែរាល់ដង ដើរមកដល់ចំណុចមួយមានដើមត្នោតច្រើន ម្ខាងមាន ៣ ដើម ម្ខាងទៀតមាន ១ ដើម ម៉ែនឹងខ្ញុំបានឮសំឡេងខ្យល់បក់ខ្លាំងណាស់ ខ្យល់ត្រជាក់ស្រេង ហើយស្លឹកត្នោតធំៗណាស់ ហេតុអីក៏ខ្យល់បក់ឮសូរលាន់ខ្លាំងម៉្លេះ។ ខ្ញុំងាកហើយ ឃើញស្លឹកត្នោតវាហាក់ដូចកំពុងវ៉ៃគ្នាលើដើមត្នោតខ្លាំងចម្លែក ឮសំឡេងលាន់ឮខ្លាំងណាស់ ម៉ែក៏ងាក ខ្ញុំក៏ងាក ហើយមើលមុខគ្នា តែមិនស្មានទេថាម៉ែបានឃើញវាលោតពីលើដើមត្នោតមករកគាត់ ម៉ែស្រែកថា វាមានក្បាលធំណាស់ រត់សំដៅមករកម៉ែ ម៉ែចាប់ដៃខ្ញុំជាប់ គាត់ប្រាប់ថា រត់ទៅកូន ខ្ញុំឮហើយរន្ធត់ណាស់ រត់ទៅណាកើត ខ្លាចម៉ែដួល ក៏ព្យាយាមដើរសំដៅមកផ្ទះ មកដល់ផ្ទះភ្លាម ខ្ញុំស្ទុះហៅគ្រប់គ្នាមកយ៉ាងលឿនប្រាប់ហេតុការណ៍ គ្រប់គ្នាលឿនណាស់ ម៉ែយាយមកអុជធូបពេញផ្ទះ កូនចៅមកចាប់ដៃជើងម៉ែជុំគ្នា ចំណែកពុកដំបូងមិនចង់ជឿទេ ដល់ឃើញខ្ញុំស្លុតគាត់ហាក់ដូចជាជឿ គាត់យកធូប ៣ សរសៃមកអុជ ហើយផ្លុំផង សូត្រផង ៣ ដង ម្ដងៗយូរណាស់ ស្រាប់តែម៉ែកន្រា្ដក់ ស្រែកយំឱបខ្ញុំផង យំផង ស្រែកផង «វាមកហើយ វាមកហើយ ក្បាលវាធំណាស់ វាចូលម៉ែហើយ» ខ្ញុំស្លុតណាស់ ម៉ែស្រែករួចកន្រ្តាក់ចង់ក្រោកឡើង ហាក់ដូចមិនមែនជាគាត់ទេ បើកភ្នែកធំៗ ស្រែកថា «លែងអញៗៗ អញទៅហើយ ទៅរកវាហើយ» ខ្ញុំស្លុតនិយាយលែងចេញ ឱបម៉ែ កូនចៅព្យាយាមជួយស្រែកដេញវាឱ្យចេញ ពុកយកធូបមកសូត្រទៀត ផ្លុំទៀត មួយសន្ទុះ ម៉ែបែកញើសជោគ ហើយនិយាយបានធម្មតា ហាក់ដូចជាវាបានចេញទៅបាត់មែនហើយ។ ខ្ញុំមិនដឹងប្រើរយៈពេលប៉ុន្មានទើបបាត់ភ័យបាត់ខ្លាចទេ ញ័រដៃញ័រជើងអស់ហើយ។ ម៉ែជាហើយ ព្រោះបានកូនចៅ នឹងបុណ្យជួយ»៕