ស្ថានការណ៍ប្រឈមរវាង កម្ពុជា-ថៃ បានកើតឡើងចាប់តាំងពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ បន្ទាប់ពីមានការបាញ់ប្រហារពីខាងភាគីថៃមកលើកម្ពុជា បណ្ដាលឱ្យព្រិន្ទបាលឯក សួន រោន បានពលី នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។
បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង ស្ថានការណ៍កម្ពុជា-ថៃ មានការឡើងកម្ដៅជាបន្តបន្ទាប់ ខណៈមកដល់ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ នេះ ឈានដល់ដំណាក់កាលឱសានវាទដែលកម្ពុជាសម្រេចបិទការនាំចូលបន្លែ និង ផ្លែឈើរបស់ថៃ តាមព្រំដែនទាំងអស់ ដើម្បីឆ្លើយតបការគំរាមកំហែង និង ប្រមាថរបស់យោធាថៃ។
ដោយឡែក ខាងក្រោមនេះជា ៨ ចំណុចគួរដឹងក្នុងស្ថានការណ៍វិវាទខ្មែរ-ថៃ ដែលថៃជាភាគីបង្ក តែមើលទៅភាគីថៃហាក់មានភាពមិនច្បាស់ការសោះជំពោះស្ថានការណ៍នេះ ដោយឆ្លើយតបម្តងបាយបិណ្ឌ ម្តងបាយបាត្រទៅវិញ៖
១. ផ្ដើមឡើងនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ មានទាហានថៃ បានចូលមកបាញ់ទាហានខ្មែរស្លាប់ នៅក្បែរលេណដ្ឋានក្នុងទឹកដីកម្ពុជា បណ្ដាលឱ្យព្រិន្ទបាលឯកកម្ពុជាមួយរូប បានពលីជីវិត តែភាគីថៃបែរជាចុះផ្សាយព័ត៌មានប្រាប់ទៅកាន់អន្តរជាតិថាខ្លួនធ្វើឡើងដោយប្រើសិទ្ធិការពារខ្លួន។
២. នៅព្រឹកថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២៥ ភាគីថៃបានចាប់ផ្ដើមបិទច្រកតំបន់ និង ច្រករបៀង រវាងព្រំដែនថៃ និង កម្ពុជា ជាបណ្ដោះអាសន្ន (ឯកតោភាគី) រង់ចាំការចរចាពាក់ព័ន្ធករណីជម្លោះវិវាទព្រំដែនគោករវាងថៃ-កម្ពុជា បន្ទាប់ពីកម្ពុជាបដិសេធមិនព្រមចរចា ៤ ចំណុច គឺតំបន់ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និង តំបន់មុំបី ក្នុងកិច្ចប្រជុំ JBC ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៥។
៣. ភាគីថៃចាប់ផ្ដើមបិទច្រកព្រំដែនដោយឯកតោភាគី លុះពេលដែលខាងកម្ពុជាចាប់ផ្ដើមពន្យារពេលបើកវិញ ភាគីថៃបែរជាចោទមកលើកកម្ពុជាថា មិនឱ្យនាំទំនិញរបស់ខ្លួនចូល។
៤. ភាគីថៃ បានគំរាមមកលើកម្ពុជាក្នុងការកាត់ផ្តាច់ភ្លើង និង អ៊ីនធឺណេត ស្របពេលដែលថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនី និង អ៊ីនធឺណេតដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកការទិញពីប្រទេសថៃទៀតទេ ក៏ត្រូវបានភាគីថៃបកស្រាយថាកម្ពុជាបានយល់ច្រឡំ។
៥. ក្រោយពីការឡើងកម្ដៅស្ថានការណ៍កម្ពុជា-ថៃ ពលរដ្ឋថៃចាប់ផ្ដើមរើសអើង និង ដេញពលករខ្មែរ ទើបថ្នាក់ដឹកនាំកម្ពុជាបានហៅពលរដ្ឋឱ្យត្រឡប់មកមាតុប្រទេសវិញ តែត្រូវក្រសួងការងារខាងភាគីថៃស្រែកថា កម្ពុជាគ្មានសិទ្ធិហៅពលករទៅស្រុកវិញទេ។
៦. ក្នុងកំឡុងបន្ទាប់ពីថ្ងៃប្រជុំ JBC ខាងយោធាថៃ បានចិញ្ចឹមចិត្តចង់បង្កសង្គ្រាមជាមួយកម្ពុជា លុះកម្ពុជាបានដឹកសព្វាវុធទៅការពារដែនអធិបតេយ្យភាព ដោយតម្រង់កាណុងកាំភ្លើងទៅកាន់ប្រទេសខ្លួន ស្រាប់តែភាគីថៃប្រតិកម្មមកលើកម្ពុជាថាហេតុអ្វីត្រូវបែរកាណុងមកដីខ្លួនបែបនេះ។
៧. បន្ទាប់ពីថៃបិទព្រំដែនដោយឯកតោភាគី កម្ពុជាបានកំណត់ឱសានវាទព្រមានបិទមិនឱ្យមានការនាំចូលបន្លែ ផ្លែឈើ ពីថៃចូលមកមកម្ពុជា តាមច្រកទាំងអស់ករណីមិនបើកច្រកវិញ តែភាគីថៃមិនបើកច្រកហើយ បែរជាឱ្យអ្នកនាំពាក្យក្រសួងការបរទេសថៃ ពោលកម្សត់ថាជាអ្នកជិតខាងល្អមិនគួរធ្វើអីចឹងទៅវិញ។
៨. ភាគីថៃពោលពេញៗមាត់ថាចង់បានភាពស្របច្បាប់ យុត្តិធម៌ និង សន្តិភាព តែពេលកម្ពុជាបបួលឡើងតុលាការអន្តរជាតិ បែរជាបដិសេធ និង សុំទទូចឡើងជារបៀបវារៈតំបន់រសើបទាំង ៤ ក្នុងកិច្ចប្រជុំ JBC ទៅវិញ តែកម្ពុជាមិនព្រម៕
ប្រែសម្រួលពី ៖ Bron Sambor