នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ នេះ សកម្មជននយោបាយរបស់ថៃ គឺនាយ Wira Somkwamkit បាននាំប្រជាជនថៃជាច្រើន រួមជាមួយរថយន្តឈូសឆាយជាច្រើនគ្រឿងមកតំបន់បានណងចាន់ ដោយមានបំណងចូលមកអុកឡុកដេញប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ តែត្រូវក្រុមទាហានថៃនាំគ្នារារាំង។

យ៉ាងណាមិញ ទាក់ទងនឹងទង្វើមួយនេះ លោក Adul Boonthamcharoen ដែលជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានដាស់តឿនទៅកាន់ Wira Somkwamkit ថា កុំដាក់សម្ពាធទាហានថៃ ឬធ្វើអ្វីតាមតែចិត្តឯង នៅក្នុងតំបន់បានណងចាន់ និងបានណងយ៉ាកែវ ព្រោះលោកចង់ឱ្យទាហានមានសេរីភាព និងការតាំងចិត្តក្នុងការអនុវត្តភារកិច្ចរបស់ពួកគេ ម្យ៉ាងលោកបានបញ្ជាក់ថាកងកម្លាំងប៊ូរ៉ាផា មានសមត្ថភាព និងវិធីដោះស្រាយបញ្ហានេះរួចហើយ។

ជាពិសេសទៅទៀតនោះ លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលប្រទេសទាំងពីរបានមានយន្តការ និងកិច្ចព្រមព្រៀង ដែលកំពុងដំណើរការរួចទៅហើយ។ លោកបានសុំឱ្យមហាជនផ្តល់កម្លាំងចិត្ត ចៀសវាងការដាក់សម្ពាធ ឬធ្វើតាមចិត្តខ្លួនឯង លោកបានសុំឱ្យប្រើប្រាស់យន្តការដែលមានស្រាប់ ដើម្បីដោះស្រាយបញ្ហាជាមុនសិន ហើយបើសិនជាដោះស្រាយមិនទៅមុខ ចាំមករិះគន់ ឬដាក់សម្ពាធតាមចិត្តចុះ៕




ប្រភព៖ Bangkokbiz
 
				 
															 
															 
															 
															 
															 
															 
															 
															