នៅព្រឹកថ្ងៃទី ១៧ មិថុនា ឆ្នាំ ២០២៥ នេះ ប្រមុខការទូតកម្ពុជា បានអញ្ជើញបណ្តាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតប្រទេសជាមិត្តប្រចាំកម្ពុជា មកពន្យល់បកស្រាយរឿងពិតជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ធ្វើឡើងនៅទីស្តីការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ។
តាមរយៈការពន្យល់បកស្រាយ ប្រមុខការទូតកម្ពុជា បានលើកឡើងពីសកម្មភាព ដែលនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ កងទ័ពថៃបានឈ្លានពានទឹកដីកម្ពុជានៅតំបន់មុំបី ដោយទាហានថៃបានបាញ់ប្រហារមុន មកលើទាហានខ្មែរ ដែលបណ្ដាលឱ្យលោក សួន រោន ដែលជាកម្លាំងការពារបូរណភាពដែនដីខ្មែរ បានពលីជីវិត។
ថ្លែងទៅកាន់បណ្តាឯកអគ្គរាជទូត ប្រទេសជាមិត្តប្រចាំកម្ពុជា កម្ពុជាបានពន្យល់ពីការវិវត្តនៃស្ថានការណ៍កាន់តែតានតឹងដូចតទៅ៖
«បន្ទាប់ពីហេតុការណ៍នៅថ្ងៃទី ២៨ ឧសភា ភាគីថៃបែរជាចោទប្រកាន់កម្ពុជាថាជាអ្នកផ្ទុះអាវុធមុន ហើយតាមរយៈទង្វើឯកតោភាគីរបស់ភាគីថៃជាបន្តបន្ទាប់បានជំរុញឱ្យទំនាក់ទំនងកម្ពុជាថៃ និង ស្ថានភាពតាមបន្ទាត់ព្រំដែនបានវិវត្តកាន់តែតានតឹងឡើងៗ។ វិធានការ និងសកម្មភាពរបស់ថៃជាបន្តបន្ទាប់ បានបំពាន និង គំរាមកំហែងមកលើកម្ពុជា ក្នុងនោះដូចជាការបន្ថយម៉ោងបើកច្រកទ្វារព្រំដែនដោយ ឯកតោភាគី ការគំរាមក្នុងការផ្តាច់អីនធឺណិត និង ឈប់ផ្គត់ផ្គង់អគ្គិសនី មកកម្ពុជាជាដើម។
ទោះកម្ពុជា ជាអ្នកស្រឡាញ់សន្តិភាព មិនចង់ឱ្យមានការរីករាលដាលស្ថានភាពតានតឹងចេញពីវិស័យយោធាទៅវិស័យផ្សេងៗក៏ដោយ តែតាមរយៈវិធានការដោយបំពាន និង ការគំរាមកំហែងពីភាគីថៃ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញនូវបណ្តាវិធានការនានាលើការដ្ឋាន យោធា ការទូត និង ច្បាប់ ក៏ដូចជាវិធានការរដ្ឋបាល ការបិទច្រកដូង នៃព្រំដែនកម្ពុជា-ថៃ ការឈប់ទិញអីនធឺណិតពីប្រទេសថៃ និង ការឈប់បញ្ចាំងភាពយន្តថៃ ព្រមទាំងវិធានការត្រៀមនានា ដើម្បីការពារប្រយោជន៍ និង កិត្តិយសប្រជាជាតិខ្មែរ។ វិធានការទាំងនេះ គឺធ្វើឡើងដើម្បីការពារនូវភាពយុត្តិធម៌ សេចក្តីត្រឹមត្រូវ សុចរិតភាព ប្រយោជន៍ និង សេចក្តីថ្លៃថ្នូររបស់ជាតិ និង ប្រជាជនកម្ពុជា។
នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង ១១:៣០ នាទីព្រឹក ម៉ោងនៅទីក្រុងឡាអេ (ត្រូវនឹងម៉ោង ៤:៣០ នាទីរសៀល ម៉ោងនៅរាជធានីភ្នំពេញ) លោកជំទាវ គឹមសួរ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ដែលមាននិវេសនដ្ឋាននៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក បានប្រគល់ដោយផ្ទាល់ដៃនូវលិខិតរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ជូនលោក Philippe GAUTIER ក្រឡាបញ្ជីនៃតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជម្រាបជូនពីគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ពាក្យស្នើតាមនីតិវិធី ពាក់ព័ន្ធនឹងបញ្ហាវិវាទព្រំដែនជាមួយប្រទេសថៃនៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និង ប្រាសាទតាក្របី ដើម្បីសុំតុលាការកំពូលនេះធ្វើការវិនិច្ឆ័យជម្លោះព្រំដែននេះ។
កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និង ច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែរព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំឱ្យកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា។ កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព។ កម្ពុជាមិនមានបំណងចង់បានទឹកដីរបស់ប្រទេសណាមួយសូម្បីតែមួយមីលីម៉ែត្រ ប៉ុន្តែកម្ពុជាក៏មិនឱ្យនរណាយកដី សូម្បីតែមួយមីលីម៉ែត្រដែរ»៕
ប្រភព ៖ ទទក