នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ពីដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ និង បានចូលសួរសុខទុក្ខស្ត្រីពលករខ្មែរ ដែលត្រូវបានទាហានឈុតខ្មៅថៃ រំលោភបំពានរាងកាយ។

តាមរយៈផេកផ្លូវការរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្នុងដំណើរការងារទៅកាន់ខេត្តបន្ទាយមានជ័យ រួមជាមួយភរិយា ឆ្លៀតចូលសួរសុខទុក្ខស្រ្តីពលករខ្មែរ ធ្វើការងារនៅប្រទេសថៃ ដែលត្រូវបានទាហានឈុតខ្មៅរបស់ថៃ រំលោភបំពានលើរាងកាយ ក្នុងពេលនាង និង ពលករខ្មែរប្រុសស្រី ជាង ១០ នាក់ ធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជាវិញ។


សូមរំឭកផងដែរថា តាមរយៈការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានឱ្យដឹងថា នារីពលករខ្មែរម្នាក់ក្នុងចំណោមពលករប្រុស ស្រី ជាង ១០ នាក់ ត្រូវបានក្រុមទាហានឈុតខ្មៅដ៏ឃោរឃៅរបស់ថៃ យ៉ាងតិច ០៧ នាក់ ចាប់នាងរំលោភបូក ពេលពួកនាងធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃ មកកាន់ប្រទេសកំណើតវិញ ហើយថែមទាំងវាយធ្វើទារុណកម្មពលករប្រុសៗ និង ប្លន់យកទូរស័ព្ទ និង លុយកាក់អស់គ្មានសល់។ តាមប្រភពបានឱ្យដឹងថា ករណីនេះបានកើតឡើង នៅយប់ថ្ងៃទី ១៥ វិច្ឆិកា ខណៈដែលក្រុមពលករខ្មែរ ធ្វើដំណើរវិលត្រឡប់ពីស្រុកថៃ មកជិតដល់ព្រំដែនខ្មែរ-ថៃ ឈមនឹងស្រុកកំរៀង ខេត្តបាត់ដំបង ក្រុមពលករខ្មែរមានចំនួន ១៣ នាក់ ក្នុងនោះមានស្ត្រីចំនួន ០៦ នាក់ និង ក្មេងតូចម្នាក់ផងដែរ៕
