នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ និង ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅដល់ខេត្តឧត្តរមានជ័យហើយ ដើម្បីចុះសួរសុខទុក្ខកងទ័ព និង ប្រជាពលរដ្ឋនៅខេត្តព្រំដែនកម្ពុជា-ថៃ។
ក្នុងនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជួបប្រជុំជាមួយមេបញ្ជាការអង្គភាព នៅទីបញ្ជាការស្រាល ចំណុះទិសទី ២ និង ទិសទី ៣ ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ នេះផងដែរ។
គួរឱ្យដឹងផងដែរថា បន្ទាប់ពីទាហានថៃលបលួចបាញ់ប្រហារទាហានខ្មែរលើដីខ្មែរ កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ កងទ័ព និង សព្វាវុធដ៏ទំនើបៗរបស់កម្ពុជា ត្រូវបានចល័តចេញពីបន្ទាយ ឆ្ពោះទៅកាន់ខេត្តជាប់ព្រំដែនថៃទិសខេត្តឧត្តរមានជ័យ និង ព្រះវិហារ ខណៈទាហាន និង សព្វាវុធរបស់កម្ពុជា ត្រូវបានត្រៀមបម្រុងជាប់ជាប្រចាំ ដើម្បីការពារទឹកដីក្នុងករណីមានការឈ្លានពានណាមួយពីកងទ័ពថៃ៕