កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ មានករណីជើងហោះហើរមួយរបស់ថៃ បានបត់ក្បាលត្រឡប់មកព្រលានយន្តហោះវិញភ្លាមៗ ខណៈជិតដល់ប្រទេសសិង្ហបុរីទៅហើយ ដោយសារតែបញ្ហាបែកកញ្ចក់ បង្កឱ្យអ្នកដំណើរនាំគ្នាភិតភ័យស្លេកមុខ។
តាមព័ត៌មានបានឱ្យដឹងថា ជើងហោះហើរនេះឈ្មោះ TG401 បានហោះចេញពីព្រលានយន្តហោះសុវណ្ណភូមិ ប្រទេសថៃ ទៅកាន់ប្រទេសសិង្ហបុរី។ ខណៈជិតដល់គោលដៅទៅហើយ ស្រាប់តែយន្តហោះក៏បានបត់ត្រឡប់មកកាន់ព្រលានយន្តហោះសុវណ្ណភូមិវិញ ដោយមិនបានផ្តល់ដំណឹងច្បាស់លាស់ទៅកាន់អ្នកដំណើរទាំង ២៧០ នាក់ឡើយ ដោយត្រឹមតែប្រាប់ថាឱ្យពួកគេទៅសម្រាកសិន ហើយចាំឡើងយន្តហោះជាថ្មីម្តងទៀត។
យ៉ាងណាមិញ ទើបក្រោយមកមានព័ត៌មានឱ្យដឹងថា មូលហេតុនៃការត្រឡប់មកវិញនេះ គឺដោយសារតែយន្តហោះបានប្រទះបញ្ហាបច្ចេកទេស និង មានការបែកកញ្ចក់ ដែលតម្រូវឱ្យមានការត្រួតពិនិត្យជាបន្ទាន់៕
ប្រភព៖ AMARINTV