នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៥ អ្នកគ្រូបង្រៀនមួយរូបនៃសាលាបឋមសិក្សាខ្លាខាំឆ្កែ បានជូនដំណឹងទៅកាន់អាណាព្យាបាល និង ឪពុកម្ដាយសិស្សទាំងអស់ នៃសាលាបឋមសិក្សាខ្លាខាំឆ្កែ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដោយមិនឱ្យកូនៗទៅសាលានៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៥ ឡើយ ដោយសារតែមានសិស្សបានយកគ្រាប់មិនទាន់ផ្ទុះ ទៅដាក់នៅបរិវេណសាលា ដោយត្រូវរង់ចាំថ្នាក់លើចាត់វិធានការសិន។ នេះបើតាមការបញ្ជាក់ពីគណនីរបស់អ្នកគ្រូដែលមានឈ្មោះ Dul Reak Sa នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៥។
បន្ទាប់ពីការជូនដំណឹងភ្លាមៗនេះ នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោងប្រមាណ ១១៖១៧ នាទីព្រឹក អ្នកគ្រូដែលមានគណនីឈ្មោះ Sao Thoeung បានជូនដំណឹងពីស្ថានភាព ក៏ដូចជាដំណោះស្រាយឱ្យបានដឹងថា ៖ «សូមជូនដំណឹងដល់សិស្សានុសិស្ស និង អាណាព្យាបាលសិស្សទាំងអស់ឱ្យបានជ្រាបថា ក្រុម ស៊ីម៉ាក បានមកចាត់វិធានការណ៍យកគ្រាប់មិនទាន់ផ្ទុះ ចេញពីទីធ្លាសាលារួចរាល់ហើយ។ ដូច្នេះកូនៗអាចមករៀនធម្មតាវិញនៅថ្ងៃស្អែកវិញបានហើយ»។
ករណីនេះ អ្នកគ្រូក៏បានថ្លែងអំណរគុណជាពិសេសទៅដល់លោកមេភូមិ លោកមេឃុំ និង ថ្នាក់ដឹកនាំដែលបានជួយដោះស្រាយភ្លាមៗ ដែលអាចឱ្យសិស្សានុសិស្សបន្តការសិក្សាបាននៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ នេះវិញ៕