នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥ នេះ សារព័ត៌មាន Khaosod បានរាយកាណ៍ពីអាកាសធាតុព្យុះភ្លៀងនៅក្នុងទីក្រុងបាងកក ដែលបង្កឱ្យមានការបាក់ដើមឈើជាច្រើនដើម ទៅសង្កត់ផ្ទះ និងឡានខូចខាតអស់ជាច្រើនគ្រឿង។
តាមព័ត៌មានបានឱ្យដឹងថា ព្យុះភ្លៀងដែលបក់បោកមកកាលពីយប់មិញនេះ បានបណ្តាលឱ្យមានការប៉ះពាល់ដល់ជាច្រើនផ្លូវ និងតំបន់នៅទូទាំងទីក្រុងបាងកក រួមមានផ្លូវវិផាវ៉ារាំងស៊ីត ផ្លូវកំផែងពេជ្រ ២ តំបន់បាងកាពិ និងនៅម្តុំស្រុកប៉ាកកេត ខេត្តចន្ទបុរី។ ក្នុងនោះមានដើមឈើជាច្រើនបានរលំនៅតាមផ្លូវ ខ្លះបានទៅសង្កត់នៅលើឡាន ឯខ្លះទៀតទៅសង្កត់នៅលើផ្ទះប្រជាជន ហើយលើសពីនោះទៀត មានស័ង្កសីជាច្រើនសន្លឹកបានហើររប៉ាត់រប៉ាយទៅជ្រុះនៅតាមផ្លូវផង នៅលើខ្សែភ្លើងផង និងនៅលើផ្ទះសម្បែងមួយចំនួនទៀត ដែលបង្កឱ្យមានការចលាចលមិនតិចឡើយ។
យ៉ាងណាមិញ អាជ្ញាធរប្រចាំតំបន់ ជាពិសេសគឺក្រុមសង្រ្គោះ កំពុងតែប្រញាប់ប្រញាល់ចុះទៅជួយដោះស្រាយបញ្ហាខាងលើនេះផងដែរ ព្រោះអាចបង្កឱ្យមានការប៉ះពាល់ទៅលើរឿងចរាចរណ៍ខ្លាំងជាងគេ បើសិនមិនរូសរាន់ដោះស្រាយ៕
ប្រភព៖ Khaosod