កាលពីនៅរសៀលថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៥ នេះ មានករណីបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានលោតសម្លាប់ខ្លួននៅចំណុចក្នុងផ្សារទំនើប AEON 3 បង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្រោយហេតុការណ៍កើតមិនបានប៉ុន្មាន នៅរសៀលថ្ងៃដដែលនេះ ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ បានចេញសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ឯ.ក ពាក់ព័ន្ធនឹងឧបទ្ទវហេតុកើតឡើងនៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ។

តាមរយៈសេចក្ដីថ្លែងការណ៍បានឱ្យដឹងថា ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ឯ.ក មានការសោកស្តាយ ដោយទទួលបានដំណឹងអំពីឧបទ្ទវហេតុដ៏រន្ធត់មួយ បានកើតឡើងនៅរសៀលថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៥ នេះ នៅបរិវេណផ្សារទំនើប អ៊ីអនម៉លមានជ័យ នៅប្រមាណជាម៉ោង ១ និង ៣១ នាទីរសៀល ដែលមានជនបរទេសម្នាក់បានលោតពីលើអគារ ជាន់ទី៣ នៃផ្សារទំនើប បង្កឱ្យមានការភ្ញាក់ផ្អើលទៅដល់ក្រុមហ៊ុន អ្នកជួលទីតាំង ក្នុងផ្សារទំនើប និង អតិថិជន។

ក្រោយពេលកើតហេតុភ្លាមៗ ក្រុមការងារគ្រប់គ្រងផ្សារទំនើប បានអនុវត្តវិធានការបន្ទាន់ស្របទៅតាមនីតិវិធីប្រតិបត្តិចំពោះឧបទ្ទវហេតុ ដោយអាជ្ញាធរមូលដ្ឋាន រួមទាំងមន្ត្រីនគរបាល ត្រូវបានទាក់ទងយ៉ាងឆាប់រហ័ស និង បានមកដល់កន្លែងកើតហេតុ ដើម្បីហ៊ុមព័ទ្ធទីតាំង និង ចាប់ផ្តើមការងារស៊ើបអង្កេតដែលចាំបាច់។
ក្នុងនោះ តាមរយៈវីឌីអូក្នុងកាមេរ៉ាសុវត្ថិភាពរបស់ក្រុមហ៊ុន ព្រមទាំងការបំភ្លឺពីអ្នកឃើញហេតុការណ៍ផ្ទាល់ បានបញ្ជាក់ថា បុគ្គលដែលបានស្លាប់ មានវត្តមាននៅទីតាំងកើតហេតុតែម្នាក់ឯង មុនពេលដែលហេតុការណ៍នោះបាន កើតឡើង ហើយគ្មានភស្តុតាងណាមួយដែលបង្ហាញថាមានការបង្កជម្លោះ ឬ ការជាប់ពាក់ព័ន្ធនឹង បុគ្គលណាមួយផ្សេងទៀតឡើយ។
តាមរយៈសក្ខីកម្មទាំងនេះ មន្ត្រីនគរបាលបានសន្និដ្ឋានជាបឋមថា ឧបទ្ទវហេតុខាងលើនេះ គឺជាករណី «ការធ្វើអត្តឃាតសម្លាប់ខ្លួន»។ ខាងផ្សារកំពុងតែសហការយ៉ាងសកម្ម ជាមួយនឹងអាជ្ញាធរ នៅក្នុងដំណើរការនៃការស៊ើបអង្កេត៕
សូមអានសេចក្ដីលម្អិត ៖

