នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ជូនសាធារណជន ព្រមទាំងអ្នកសារព័ត៌មានជាតិ និង អន្តរជាតិ ដោយបានសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីន ដែលបណ្តាលឱ្យកងទ័ពថៃមួយចំនួនរងរបួស នៅពេលដើរល្បាតចូលតំបន់ចម្ការមីនចាស់ដែលបន្សល់ទុកពីសង្គ្រាមស៊ីវិលរបស់កម្ពុជា កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៥។

ជាមួយគ្នានេះ ក្រសួងការពារជាតិ កត់សម្គាល់ឃើញថា ចាប់តាំងពីថ្ងៃម្សិលមិញរហូតមកដល់ថ្ងៃនេះ បណ្តាសារព័ត៌មានរបស់ថៃមួយចំនួនបានចេញផ្សាយដោយដកស្រង់សម្តីថ្នាក់ដឹកនាំប្រទេសថៃ និង មន្ត្រីនៃកងយោធាថៃដែលបានចោទប្រកាន់មកលើកម្ពុជាថាបានដាក់គ្រាប់មីនថ្មី និង បណ្តាលឱ្យយោធារបស់ខ្លួនជាន់ផ្ទុះ និង រងរបួសធ្ងន់នៅខេត្តព្រះវិហារ ដែលក្រសួងការពារជាតិ សូមប្រកាសបដិសេធការចោទប្រកាន់ទាំងនេះរបស់ភាគីថៃមកលើកម្ពុជា។ ក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងមុតមាំថា ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និង កាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខ និង សុវត្ថិភាពរបស់មនុស្សជាតិនោះឡើយ។

ក្រសួងការពារជាតិបានឱ្យដឹងថា បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែង ក្នុងការបោសសម្អាតមីនអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះក៏ដោយ គ្រាប់មីនមិនទាន់ផ្ទុះដែលជាសំណល់ពីសង្គ្រាមនៅតែបន្តគំរាមកំហែងដល់សន្តិសុខ និង សុវត្ថិភាពប្រជាជនស្លូតត្រង់កម្ពុជានៅតាមតំបន់ជាច្រើន ជាពិសេសនៅតាមតំបន់ព្រំដែនកម្ពុជា និង ប្រទេសជិតខាង ក្នុងនោះរួមទាំងថៃផងដែរ។ ក្នុងន័យនេះ ក្រសួងការពារជាតិ អំពាវនាវឱ្យភាគីថៃចៀសវាងការដើរល្បាតចូលក្នុងតំបន់ចម្ការមីនចាស់ៗ ជាពិសេសតំបន់ដែលត្រូវបានអន្តរជាតិទទួលស្គាល់ថាជាចម្ការមីនដែលជាសំណល់ពីសង្គ្រាម ដើម្បីចៀសវាងគ្រោះថ្នាក់ដោយសារការផ្ទុះមីនចាស់ទាំងនេះ ដែលអាចបង្កឱ្យមានភាពតានតឹងដោយមិនចាំបាច់។

ក្រសួងការពារជាតិ បានបញ្ជាក់ថា យោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី ៤ របស់កម្ពុជា បានបញ្ជាក់ថាក្រោយពេលកើតហេតុរួចកងកម្លាំងទាំងសងខាងដែលនៅជួរមុខបានធ្វើការទំនាក់ទំនងគ្នា ហើយគិតមកដល់ម៉ោងនេះសភាពការណ៍មានភាពស្ងប់ស្ងាត់មិនមានភាពតានតឹងទេ។ ក្រសួងការពារជាតិ បន្តប្តេជ្ញាចិត្តក្នុងការធ្វើការឱ្យបានជិតស្និទ្ធជាមួយភាគីថៃ ក្នុងការលើកកម្ពស់សន្តិភាព និង ស្ថិរភាពរវាងប្រទេសទាំងពីរ ជាពិសេសធានាដល់សន្តិសុខ និង សុវត្ថិភាពរបស់ប្រជាជនស៊ីវិល ស្របតាមសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា និង ថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥៕
