សារព័ត៌មាន MS news បានរាយការណ៍ពីករណីមួយនៅប្រទេសមីយ៉ាន់ម៉ា ដែលមានយាយចាស់មានជំងឺបេះដូង បានជាប់នៅក្រោមគំនរអគារបាក់បែកជាមួយចៅស្រីចំនួន ២ នាក់ នាំគ្នាស្រែកហៅឱ្យគេជួយ ទម្រាំតែបានរួចជីវិត។

តាមព័ត៌មានបានឱ្យដឹងថា លោកយាយរូបនេះ មានវ័យ ៧៥ ឆ្នាំ បានជាប់នៅក្រោមគំនរអគារអាផាតមិនបាក់បែកជាមួយនឹងចៅស្រីពីរនាក់ទៀត ដែលម្នាក់អាយុ ១៣ ឆ្នាំ និង ម្នាក់ទៀតអាយុ ១២ ឆ្នាំ។ នៅថ្ងៃកើតហេតុកាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅនេះ កូនប្រុសរបស់លោកយាយ បាននាំកូនៗមកលេងលោកយាយនៅអាផាតមិននេះ ស្រាប់តែមានការកើតរញ្ជួយដី កូនប្រុស និង កូនប្រសាបាននាំចៅប្រុសចេញក្រៅ រីឯលោកយាយក៏ជាប់ជាមួយចៅស្រីពីរនាក់។ លោកយាយបាននាំចៅរត់ចុះតាមជណ្តើរអគ្គិភ័យដែរ តែជាអកុសលរត់មិនទាន់ អគារក៏បានបាក់រលំ ហើយលោកយាយក៏បានជាប់នៅក្រោមនោះជាមួយចៅៗ ដោយក្បាលមានរបួសហូរឈាមរហាម។

យ៉ាងណាមិញ ជាសំណាងល្អចៅស្រីមានទូរស័ព្ទជាប់នៅនឹងខ្លួន នាងបានព្យាយាមខលសុំជំនួយផង និងព្យាយាមស្រែកផ្ទាល់មាត់ផង ដើម្បីឱ្យមានអ្នកដឹងថាមានមនុស្សនៅជាប់ក្នុងនេះ។ ចុងក្រោយ ខាងក្រុមអ្នកសង្រ្គោះក៏បានសង្រ្គោះចៅយាយទាំង ៣ នាក់នេះបានសម្រេច ហើយក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដែលមកទល់ពេលនេះលោកយាយ និងចៅៗក៏បានចេញពីមន្ទីរពេទ្យវិញហើយ៕



ប្រភព៖ Kapook