នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោងប្រមាណ ៤ និង ៤០ នាទីល្ងាច មានករណីអ្នកដំណើរលើកង់បីម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីគេ បានហៅកង់បីជិះពីមន្ទីរពេទ្យទៅផ្ទះ ស្រាប់តែផុតដង្ហើមនៅតាមផ្លូវ ទើបម្ចាស់កង់បី ដឹកទៅកាន់សាលាសង្កាត់ភ្នំពេញថ្មី ដើម្បីរកជំនួយ ស្ថិតនៅចំណុចមុខសាលាសង្កាត់ភ្នំពេញថ្មី ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទាក់ទិនទៅនឹងករណីនេះ តាមរយៈប្រភពព័ត៌មានបានឱ្យដឹងថា មុនកើតហេតុ បុរសដែលជាអ្នកបើកម៉ូតូកង់បីឥណ្ឌាម្នាក់ បានដឹកបុរសស្លៀកសារ៉ុងម្នាក់ចេញពីមន្ទីរពេទ្យមួយកន្លែង ខណៈអ្នកជិះឱ្យអ្នករត់កង់បីឌុបទៅផ្ទះ ស្រាប់តែពេលកំពុងធ្វើដំណើរលើម៉ូតូកង់បី បុរសរងគ្រោះខាងលើបានដាច់ខ្យល់ស្លាប់ដោយមិនដឹងមូលហេតុ។ ក្រោយពីបានឃើញបែបនេះ អ្នកបើកម៉ូតូកង់បីឥណ្ឌា បានជិះសំដៅទៅកាន់មុខសាលាសង្កាត់ភ្នំពេញថ្មី ដើម្បីរាយការណ៍ជូនអាជ្ញាធរសង្កាត់ឱ្យដឹងឮរឿងនេះ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋាន បានចុះទៅដល់ទីតាំង រួចបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកបច្ចេកទេស និង វិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះទៅពិនិត្យមើលសាកសពបុរសខាងលើ៕
ប្រភព ៖ Fresh News Night