មរណភាពរបស់តារាសម្តែង លោក អ៊ុន សិទ្ធា នៅតែដក់ជាប់ការអាឡោះអាល័យ និង នឹកស្មានមិនដល់នៅឡើយ ពីសំណាក់មហាជនអ្នកគាំទ្រ ក្រុមគ្រួសារ និង មិត្តទាំងក្នុងក្រៅសិល្បៈរបស់លោក។ ក្នុងនោះ គ្រប់គ្នាបានបង្ហាញអារម្មណ៍យ៉ាងតក់ស្លុតថា មិននឹកស្មាន លោក អ៊ុន សិទ្ធា ចាកចេញយ៉ាងស្ងប់ស្ងាត់ ខណៈមិនដែលបង្ហាញពីស្ថានភាពជំងឺសុខភាពរបស់លោកម្តងណាឡើយ។

យ៉ាងណាមិញ ក្រោយការចាកចេញរបស់លោក អ៊ុន សិទ្ធា កាលពីថ្ងៃ ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ បន្សល់ទុកនូវការសោកសៅនោះ មហាជនក៏បានចាប់អារម្មណ៍នឹងសារមួយរបស់លោក ដែលបានបង្ហោះឡើងកាល ១ សប្តាហ៍មុនមរណភាព ពោលគឺកាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ ដែលលោកបានរៀបរាប់ពីអម្រែកលើស្មាអស់រយៈពេលជាច្រើនឆ្នាំ។

សារចុងក្រោយបានបង្ហោះលើគណនីហ្វេសប៊ុក លោក អ៊ុន សិទ្ធា បានរៀបរាប់ថា៖ «ឈប់រែកទៀតហើយ យូរៗទៅកាន់តែធ្ងន់! រែកទៀត ដេីម្បីអ្នកណា ឯងខ្លួនមួយសោះហ្នឹង រកអីដែលជាសេចក្តីសុខដាក់ខ្លួនឯងម្តងមេីល តេីវាធ្ងន់ជាងអម្រែកចាស់ទេ? បេីវែកសម្រាប់ខ្លួនឯង ខ្ញុំគិតថាមិនធ្ងន់ហេីយសប្បាយកាយទៀត ខ្ញុំយល់ចឹងមែនទេបងប្អូន បេីបងៗខ្ញុំគេមានគ្រួសារអស់ហេីយហ្នឹង។
ចាប់ពីពេលនេះទៅ ខ្ញុំរែកតែអម្រែកខ្ញុំទេ ហាមបងប្អូនកូនក្មួយណាមកសុំផ្ញេី។ ប្អូន ពូ តា រែកអម្រែកគ្រួសារនេះ ជាង ២០ ឆ្នាំមកហេីយ! យូរៗទៅ វាទៅធ្ងន់ផ្លូវចិត្តខ្ញុំខ្លាំងទៅៗ ទៅជាសម្ពាធផ្លូវអារម្មណ៍ ចង់គិតផ្តេសផ្តាស់ម្តងៗដែរ តែទង្វេីបែបនេះខ្ញុំស្អប់ណាស់ និង ហាមខ្លួនឯងគ្រប់ពេល ធ្វេីបែបនេះមិនមែនជាដំណោះស្រាយទេ វាជាអំពេីឆោតល្ងង់ និង គេចវេសពីការពិតខ្លួនឯងទៅវិញទេ។
ពីមុនមកយេីងឆ្លងកាត់បានគ្រប់ឧបសគ្គបានទាំងអស់ ទាំងគ្មានការជួយពីនរណាម្នាក់ យេីងអាចជម្នះបាន ហេីយនេះគ្រាន់តែរឿងសម្ពាធផ្លូវអារម្មណ៍ ដែលអូសទាញយេីងពេលទំនេរសោះមកទន់ជ្រាយអី? ស៊ូៗបន្តទៀត អ៊ុន សិទ្ធា ញញឹមឱ្យច្រេីន ក្តីសង្ឃឹមនឹងមកយេីងដោយស្នាញញញឹមនេះឯង។ អរគុណខ្លាំងបំផុតពីបងៗរបស់ខ្ញុំ និង ពុកម៉ែបងប្អូន ដែលតែងតែផ្ញេីសារលេីកកម្លាំងចិត្តដល់ខ្ញុំទាំងក្នុងខមិន និង ក្នុងប្រអប់សារ។ បេីខ្ញុំឆ្លេីយតបយឺតសូមកុំប្រកាន់ ព្រោះសារច្រេីនតបមិនទាន់។ កុំភ្លេចញញឹមឱ្យបានច្រេីនណា! គោរពស្រឡាញ់អ្នកទាំងអស់គ្នា»៕




