មហាជនអ្នកគាំទ្រតារាចម្រៀង លីម តិចម៉េង ច្បាស់ជាបានជ្រាបហើយពាក់ព័ន្ធនឹងករណីបុរសម្នាក់មានគណនីហ្វេសប៊ុក និង Tik Tok ឈ្មោះ «គុណ ពៅណា ប្រពន្ធ លីម តិចម៉េង» បានបង្កឱ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីបុរសរូបនេះតែងតែបង្ហោះវីដេអូ និង សារក្នុងន័យជាគូស្នេហ៍ជាមួយ លឹម តិចម៉េង ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់តារាចម្រៀងរូបនេះយ៉ាងខ្លាំង។

មិនត្រឹមតែបង្ហោះវីដេអូ និង សារក្នុងន័យជាគូស្នេហ៍ជាមួយ លឹម តិចម៉េង នោះទេ ថ្មីៗនេះរូបគេក៏បានតាមរំខានជីវិតឯកជនរបស់តារាចម្រៀងរូបនេះផងដែរ ដោយជាក់ស្តែងនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅនេះ រូបគេបានទៅដល់ផ្ទះរបស់តារាចម្រៀង លឹម តិចម៉េង ម្តងហើយម្តងទៀតក្នុងគោលបំណងថតរូបភាព ប៉ុន្តែត្រូវបាន លីម តិចម៉េង ចាប់បាន និង ធ្វើការ Live វីដេអូលើហ្វេសប៊ុកភ្លាមៗ ដើម្បីធ្វើជាភស្តុតាង និង រង់ចាំសមត្ថកិច្ចមកធ្វើការតាមផ្លូវច្បាប់។

តាមរយៈការបញ្ជាក់ពី លីម តិចម៉េង បានឱ្យដឹងថា ម្ចាស់គណនីហ្វេសប៊ុក និង Tik Tok ខាងលើនេះ បានទៅដល់មុខផ្ទះរបស់លោកជារឿយៗ និង បង្ហោះលើ Tik Tok លាបពណ៌ ជេរប្រមាថ ដែលជាហេតុបង្កឱ្យមានការប៉ះពាល់ដល់សិទ្ធិ និង កិត្តិយសរបស់លោកជាខ្លាំង ខណៈលោកមិនដែលស្គាល់បុគ្គលរូបនោះឡើយ។ លើសពីនោះ កន្លងមកតារាចម្រៀង លីម តិចម៉េច ធ្លាប់រកមេធាវីឱ្យជួយដោះស្រាយផងដែរ។

លីម តិចម៉េង បានបន្ថែមថា បើគិតមកដល់ពេលនេះរយៈពេល ២ ឆ្នាំមកហើយ ដែលបុរសខាងលើបានតាមមករំខានសិទ្ធិឯកជនភាពរបស់ខ្លួន បើគិតតាំងពីខ្លួនទើបចាប់ផ្តើមការប្រឡងចម្រៀងដំបូងៗ។ ក្នុងនោះ បើគិតពីការមករំខានដល់ផ្ទះវិញ គឺខ្ទង់ប្រមាណ ១ ឆ្នាំចុងក្រោយនេះ។

ចំពោះបុរសដែលបានតាមរំខានជីវិតឯកជនតារាចម្រៀង លឹម តិចម៉េង វិញ បើយោងតាមការ Live របស់តារាចម្រៀង លឹម តិចម៉េង គឺបុរសរូបនេះបានបង្ហាញថា រូបគេគឺជាគូស្នេហ៍របស់តារាចម្រៀង លឹម តិចម៉េង ហើយថែមទាំងមានទំនាក់ទំនងស៊ីជម្រៅដូចប្តីប្រពន្ធទៀត៕

