ជាពាណិជ្ជករខ្លាំងមួយរូប ក្រៅពីមមាញឹកនឹងជំនួញ ជារឿយៗ លោកអ្នកឧកញ៉ា ហុង ស៊ួន ស៊ីគង់ទ្រីវ អនុប្រធានសមគមឧកញ៉ាកម្ពុជា រមែងសកម្មនឹងសកម្មភាពសង្គម និង មនុស្សធម៌ផងដែរ។ ជាក់ស្តែង កាលពីប៉ុន្មានខែមុន លោកអ្នកឧកញ៉ាបានបរិច្ចាគថវិកាចំនួន ១០ ម៉ឺនដុល្លារអាមេរិកជូនកាកបាទក្រហមកម្ពុជា។ ក្រៅពីនេះ លោកអ្នកឧកញ៉ាក៏តែងតែបានចូលរួមឧបត្ថម្ភថវិកា ជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។
បើតាមគេហទំព័រ សមាគមឧកញ៉ាកម្ពុជា លោកអ្នកឧកញ៉ាកើតក្នុងឆ្នាំ ១៩៥៤ ហើយបានចូលប្រលូកក្នុងវិស័យជំនួញអស់រយៈកាលជាច្រើនទសវត្សរ៍មកហើយ។ បច្ចុប្បន្ន លោកអ្នកឧកញ៉ា ហុង ស៊ួន មានតួនាទីជាអគ្គនាយិកាក្រុមហ៊ុន KT Pacific Group Limited ដែលជាក្រុមហ៊ុនអាហរ័ណនីហរ័ណ និង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Battambang Conch Cement Company ដែលជារោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា និង ត្រូវបានវិនិយោគក្នុងទំហំទឹកប្រាក់រាប់រយលានដុល្លារអាមេរិក។
ក្រៅពីនេះ លោកអ្នកឧកញ៉ា និង ស្វាមីគឺ លោកអ្នកឧកញ៉ា ស៊ី គង់ទ្រីវ ដែលជាពាណិជ្ជករលេចធ្លោមួយរូបនៅកម្ពុជា ក៏មានមុខជំនួញជាច្រើនផ្សេងទៀតដូចជា៖ អគារពាណិជ្ជកម្មម៉ុងឌីយ៉ាល់, ផ្សារនាគមាសដែលកំពុងលក់ និង ចែកចាយទំនិញដ៏ធំមួយនៅកណ្តាលរាជធានីភ្នំពេញ, ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ KT Property Development, ក្រុមហ៊ុន President Foods (Cambodia) ព្រមទាំងអាជីវកម្មជាច្រើនទៀតលើវិស័យសណ្ឋាគារ និង បដិសណ្ឋារកិច្ច ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសជាដើម។
ក្រៅពីកិច្ចការជំនួញ លោកអ្នកឧកញ៉ាបានបរិច្ចាគទ្រព្យធនជាច្រើន ព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និង ពេលវេលាក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និង សកម្មភាពមនុស្សធម៌ រហូតត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ជូននូវគ្រឿងឥស្សរិយយសជាបន្តបន្ទាប់ ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕