ថ្មីៗនេះ ប្រទេសចិន និងជប៉ុន គឺកំពុងតែពាក់មុខយក្សដាក់គ្នាយ៉ាងខ្លាំង ក្រោយពីលោកស្រី Sanae Takaichi ដែលជានាយករដ្ឋមន្រ្តីជប៉ុនទើបតែឡើងកាន់តំណែងថ្មី បានបោះសម្តីថាជប៉ុនអាចនឹងជួយតៃវ៉ាន់ បើសិនជាតៃវ៉ាន់ត្រូវចិនឈ្លានពាន។

ករណីនេះ ប្រទេសចិនបានប្រតិកម្មខ្លាំងណាស់ ដោយបានហៅអគ្គរាជទូតជប៉ុននៅក្នុងប្រទេសចិនទៅស្តីឱ្យ ហើយថែមទាំងឱ្យលោកស្រី Sanae Takaichi កែប្រែពាក្យសម្តីខ្លួនទៀត តែលោកស្រី នៅតែមិនព្រម ដែលធ្វើឱ្យទំនាក់ទំនងរវាងជប៉ុន និងចិនកាន់តែដុនដាបទៅៗ។ ចិនក៏បានប្រកាសប្រាប់ពលរដ្ឋខ្លួនចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសជប៉ុនទៀត ដែលជាលទ្ធផលក្រុមហ៊ុនអាកាសចររបស់ចិន បានទទួលការរំសាយសំបុត្រយន្តហោះរបស់អតិថិជនទៅកាន់ប្រទេសជប៉ុនអស់ចំនួន ៤៩១ ០០០ សំបុត្រឯណោះ ដែលស្មើនឹង ៣២ ភាគរយនៃការកក់សំបុត្រទាំងអស់។

យ៉ាងណាមិញ អ្នកជំនាញបានឱ្យដឹងថា មូលហេតុនៃការរំសាយ ភាគច្រើនគឺមកពីការបារម្ភចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ហើយក្នុងនោះក្រុមហ៊ុនអាកាសចររបស់ចិន គឺជាអ្នករងផលប៉ះពាល់ខ្លាំងជាងគេបង្អស់ ព្រោះតម្រូវឱ្យមានការផ្តល់ប្រាក់ត្រឡប់ទៅអតិថិជនវិញរាប់ពាន់លានយ័នឯណោះ៕

ប្រភព៖ SCMP