នៅក្នុងឆ្នាំ ២០២៥ នេះ ប្រទេសថៃហាក់ទទួលរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរណាស់ ជាពិសេសគឺនៅខេត្តអយុធ្យា ជាខេត្តបេះដូងនៃវប្បធម៌របស់ប្រទេស គឺកំពុងតែត្រូវទឹកទន្លេចៅផ្រះយ៉ាពន្លិចបាត់ឈឹងសឹងតែគ្រប់ស្រុកភូមិទៅហើយ។

ជាក់ស្តែង មហាជនថៃនៅតាមបណ្តាញសង្គមកំពុងតែមានការបារម្ភយ៉ាងខ្លាំងចំពោះ វត្តជ័យវឌ្ឍនារាម ជាវត្តបុរាណដ៏ល្បី ប្រចាំទីក្រុងចំណាស់ ដែលស្ថិតនៅក្នុងឃុំបានប៉ម ស្រុកស្រីអយុធ្យា ខេត្តអយុធ្យា។ វត្តជ័យវឌ្ឍនារាម កំពុងតែប្រឈមយ៉ាងខ្លាំងចំពោះទឹកជំនន់ ដែលហូរចេញពីទន្លេចៅផ្រះយ៉ា ព្រោះវត្តនេះស្ថិតជាប់ដងទន្លេចៅផ្រះយ៉ាផ្ទាល់តែម្តង។ ក្នុងនោះ បើសិនជាអាជ្ញាធរមិនបានរៀបចំជញ្ជាំងការពារទឹកទេ ម្ល៉េះថ្មើរនេះវត្តជ័យវឌ្ឍនារាម កំពុងនៅតែនៅក្នុងទឹកបាត់ទៅហើយ។

យ៉ាងណាមិញ បើទោះជាមានការពារយ៉ាងណាក៏ដោយ គេឃើញថាកម្ពស់ទឹកទន្លេចៅផ្រះយ៉ានៅតែបន្តកើនឡើងយ៉ាងគំហុក គឺស្ទើរតែផុតជញ្ជាំងការពារទឹកទៅហើយ។ ក្នុងនោះ មហាជនជាច្រើនកាន់តែបារម្ភ និងអំពាវនាវឱ្យអាជ្ញាធរចុះទៅអន្តរាគមន៍ឱ្យបានដិតដល់ ព្រោះវត្តនេះ គឺជាទីតាំងដ៏សំខាន់មួយរបស់ប្រវត្តិសាស្រ្តថៃ ជាពិសេសគឺជាកន្លែងថតរឿងបុព្វេសន្និវាសដ៏ល្បីនាពេលកន្លងមក៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖





