ថ្មីៗនេះ លើបណ្ដាញសង្គមមហាជនអ្នកគាំទ្របានផ្ទុះការចាប់អារម្មណ៍រំលែកខ្លាំង ក្រោយពីទទួលដំណឹងថានឹងមានការរៀបចំព្រឹត្តិការណ៍ដ៏ធំមួយរបស់ប្រ៊េន Bulgari នៅកម្ពុជាលើទឹកដីខេត្តសៀមរាបនៅឯមុខប្រាសាទបាយ័ន ដែលមានការចូលរួមពីកំពូលតារាលំដាប់ពិភពលោកមកពីបណ្ដាប្រទេសផ្សេងៗ។
មកដល់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ អ្វីដែលធ្វើឱ្យមហាជនលើបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាកំពុងចាប់អារម្មណ៍ខ្លាំង ក្រោយពីបានឃើញវត្តមានរបស់រាជិនីកំពូលសម្រស់ម្ចាស់មកុដ Miss Universe 2015 នាង Pia Wurtzbach បានមកដល់ទឹកដីកម្ពុជាហើយ។
នេះបើតាមរយៈរូបភាពលើហ្វេសប៊ុករបស់បវរកញ្ញាលំដាប់ពិភពលោក Miss Universe 2015 រូបនេះ បានបង្ហោះពីសកម្មភាពក្នុងសណ្ឋាគារ Raffles Grand Hotel ខេត្តសៀមរាប ដែលត្រៀមចូលរួមកម្មវិធីរបស់ប្រ៊េន Bulgari នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥។
ចំពោះដំណើរមកដល់ទឹកដីកម្ពុជារបស់បវរកញ្ញាម្ចាស់មកុដលំដាប់ពិភពលោក Pia Wurtzbach ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាមានក្ដីរំភើបចិត្តខ្លាំង និង បានចែករំលែកភ្ជាប់ជាមួយសារទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ដោយនេះជាប្រវត្តិសាស្រ្តលើកទី ៣ ហើយ ដែលរាជិនីមកុដ MU មកកាន់ទឹកដីកម្ពុជាបន្ទាប់ពី MU 2002 និង MU 2024៕