សារព័ត៌មាន Ultima Hora បានរាយការណ៍ពីករណីដ៏គួរឱ្យហួសចិត្តមួយ ដែលមាននារីម្នាក់បើកឡានជ្រុលទៅធ្លាក់ក្នុងជណ្តើរយន្តក្នុងផ្សារទំនើប បណ្តាលឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។

តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ នៅក្នុងផ្សារទំនើបឈ្មោះ Fuente ស្ថិតក្នុងទីក្រុង San Lorenzo ប្រទេសប៉ារ៉ាហ្គាយ។ ក្នុងនោះ គេឃើញមានឡានពណ៌ខៀវមួយគ្រឿង បានផ្អៀងជាប់នៅក្នុងចន្លោះជណ្តើរយន្ត ព្រមទាំងបានបង្កឱ្យមានការខូចខាតបែកកញ្ចក់ពាសពេញ ខណៈមានបុរសពីរ បីនាក់ កំពុងតែជួយនាំអ្នកបើកបរ ក៏ដូចជាអ្នកដំណើរចេញពីក្នុងឡាននោះ។

យ៉ាងណាមិញ តាមព័ត៌មានបានឱ្យដឹងថា ឡានមួយគ្រឿងនោះបានបើកបរដោយស្រ្តីម្នាក់ ដែលមានអ្នកដំណើររួមមកជាមួយផង។ នៅពេលមកដល់កន្លែងចតឡានជាន់ផ្ទាល់ដី នាងក៏បានព្យាយាមចូលចត តែចៃដន្យអីស្រាប់តែជ្រុលចង្កូតបុកបំបែកផ្ទាំងកញ្ចក់របស់ផ្សារ ហើយធ្លាក់ចូលទៅចន្លោះជណ្តើរយន្តនោះតែម្តង។ ដោយឡែក ហេតុការណ៍នេះមិនមានអ្នករងរបួសធ្ងន់ធ្ងរនោះទេ៕
