កក្រើកថ្ងៃបុណ្យខ្មោច Halloween ដើម្បីបានប្លែក និង អាក្រក់លើសគេក្នុងកម្មវិធី នាង Heidi Klum ដែលគេស្គាល់ជាតារាម៉ូឌែល និង សម្តែង អាល្លឺម៉ង់-អាមេរិក បានជះលុយឱ្យគេផ្លាស់ប្តូរខ្លួនឯងទៅជាតួអង្គ Medusa ជាមួយរូបរាងបិសាចសក់ពស់ មើលមកដូចពិតៗ។


មូលហេតុដែលនាងតុបតែងខ្លួនបែបនេះ ដោយសារនាងស្រលាញ់តួអង្គទេវកថាក្រិក Medusa ដែលប្រែកាយពីមនុស្សស្រីស្រស់ស្អាតទៅជាបិសាចសក់ពស់ ហើយមានមហិទ្ធិឫទ្ធិអាចធ្វើឱ្យភាវៈរស់ជុំវិញខ្លួនក្លាយទៅជាថ្ម។ នាងពិតជាចង់ឱ្យខ្លួនឯងអាក្រក់ខ្លាំង ហើយដូចទៅនឹងតួអង្គពិតខ្លាំង រាប់តាំងពីសក់ក្បាល ស្បែក អណ្តាត និង ក្រចក។


ក្រៅពីខ្លួនឯង ប្តីរបស់នាងគឺតន្ត្រីករ Tom Kaulitz ក៏បានតុបតែងធ្វើជាតួអង្គបុរសក្លាយទៅជាថ្មផងដែរ។ ទម្រាំតុបតែងខ្លួនហើយ Heidi Klum នាងថាត្រូវចំណាយពេលដល់ទៅ ១០ ម៉ោង ដើម្បីផាត់មុខ និង ស្លៀកពាក់ពីអ្នកជំនាញ។ ទោះត្រូវចាយពេលយូរ តែលទ្ធផលពិតជាធ្វើឱ្យនាងពេញចិត្តខ្លាំង ក្លាយជាតួអង្គលេចធ្លោបំផុតក្នុងកម្មវិធីជប់លៀង Halloween ប្រចាំឆ្នាំនេះ។


គួរឱ្យដឹងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលនាង Heidi Klum និង ស្វាមី បានតែងខ្លួនប្លែកៗធ្វើឱ្យផ្ទុះការចាប់អារម្មណ៍នៅក្នុងកម្មវិធី។ ជាក់ស្តែងកន្លងមក ពួកគេធ្លាប់តែងខ្លួនជាតួអង្គផ្សេងៗដូចជា កាលពីឆ្នាំ ២០២៣ តែខ្លួនជាបុរសស្ទូចត្រី និង ដង្កូវ និង ឆ្នាំ ២០២៤ តែខ្លួនជាតួអង្គ two E.T.s ជាដើម៕


