ជារឿងដែលនឹកស្មានមិនដល់ នៅវេលាម៉ោង ៩ និង ៣៥ នាទីយប់ ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៥ មានករណីបាញ់ប្រហារមួយ ដែលបុរសម្នាក់ត្រូវជាគូស្នេហ៍ស្រលាញ់ប្រុសដូចគ្នា ខឹងភាគីម្ខាងវិលត្រឡប់ទៅរកប្រពន្ធវិញ ក៏មកតាមដល់ស្រុកកំណើតបាញ់ប្រហារបណ្ដាលឱ្យរងរបួសធ្ងន់ នៅលើផ្ទះជនរងគ្រោះតែម្ដង ដែលស្ថិតនៅក្នុងភូមិ ព្រៃភ្លាំង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ទាក់ទិនទៅនឹងករណីនេះ យោងតាមប្រភពព័ត៌មាន ដែលទទួលបានពីសមត្ថកិច្ចបានឱ្យដឹងថា បុរសដែលជាជនរងគ្រោះ ដែលត្រូវបានគូស្នេហ៍បាញ់ប្រហារមានឈ្មោះ ហួរ ឡុង ភេទប្រុស អាយុ ៣៩ ឆ្នាំមានទីលំនៅក្នុងភូមិឃុំកើតហេតុ ខណៈជនដៃដល់ដែលជាគូស្នេហ៍ មានឈ្មោះ ឃុន ហ៊ុយ ភេទប្រុស អាយុ ៣៩ ឆ្នាំ មានទីលំនៅក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង។ សមត្ថកិច្ចនគរបាលស្រុកស្វាយអន្ទរ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ហួរឡុង ធ្លាប់មានប្រពន្ធនៅស្រុកកំណើតរួចហើយ ប៉ុន្តែរូបគេបានឈ្លោះបាក់បែកគ្នា ហើយក៏ចេញទៅរកស៊ីនៅក្រុងប៉ោយប៉ែត ពេលទៅដល់ទីនោះក៏បានជួបគ្នាជាមួយជនបង្កឈ្មោះ ឃុន ហ៊ុយ និង បានស្រលាញ់គ្នា ហើយបានរកស៊ី និង រួមរស់ជាមួយគ្នានៅទីនោះ។
តាមប្រភពព័ត៌មានបានបន្តទៀតថា ក្រោយមកនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ គូស្នេហ៍ប្រុសស្រលាញ់ប្រុសមួយគូនេះបានឈ្លោះប្រកែកគ្នា ហើយជនរងគ្រោះបានត្រឡប់មកផ្ទះនៅស្រុកស្វាយអន្ទរ ត្រូវគ្នាជាមួយប្រពន្ធវិញ ទើបជនបង្កឈ្មោះ ឃុន ហ៊ុយ បានព្យាយាមទាក់ទងហៅជនរងគ្រោះឱ្យត្រឡប់ទៅវិញជាច្រើនដង តែជនរងគ្រោះមិនព្រមទៅ។ លុះនៅយប់ថ្ងៃទី ១ ខែមិថុនា ជនបង្កបានបើករថយន្តតាមមកដល់ផ្ទះ និង បាញ់សំដៅទៅលើជនរងគ្រោះដែលកំពុងដេកលើផ្ទះត្រូវ ១ គ្រាប់ចំថ្ពាល់ខាងស្ដាំធ្លុះទៅគុម្ពត្រចៀករងរបួសធ្ងន់ រួចជនបង្កបានរត់គេចខ្លួនបាត់ទៅ។
ក្រោយកើតហេតុ ក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅរាជធានីភ្នំពេញភ្លាមៗ និង បានដាក់ពាក្យប្ដឹងទៅសមត្ថកិច្ចដើម្បីចាប់ខ្លួនជនបង្កមកផ្ដន្ទាទោសតាមច្បាប់៕
ប្រភព ៖ CNC