នៅវេលាម៉ោង ៩ យប់ ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ មានករណីជនសង្ស័យគាស់របងចូលលួចលុយ នៅផ្ទះដូរលុយមួយកន្លែង ពេលដែលម្ចាស់មិននៅ បណ្ដាលឱ្យបាត់បង់លុយអស់ប្រមាណជិត ៣ ម៉ឺនដុល្លារ និង អាវុធខ្លីមួយដើម នៅចំណុចផ្ទះវីងវេរលុយ និង ដូរលុយ យីហោ ចែឃី ស្ថិតតាមបណ្ដោយផ្លូវ ២០០៤ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទាក់ទិនទៅនឹងករណីនេះ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គឺផ្ទះកើតហេតុបានចាក់សោរចោល ដោយម្ចាស់ផ្ទះគឺជាមន្ត្រីយោធា បានទៅកន្លែងធ្វើការ ចំណែកស្ត្រីជាប្រពន្ធ និងកូនៗបានចេញទៅក្រៅដូចគ្នា លុះមកដល់ម៉ោងកើតហេតុ ម្ចាស់ផ្ទះរួមទាំងកូនៗ បានត្រលប់មកវិញ បានចាក់សោរចូលក្នុងផ្ទះ ស្រាប់តែផ្ទះមានសភាពមិនប្រក្រតី រប៉ាត់រប៉ាយ ហើយទៅមើលទ្វារខាងក្រោយឃើញរបើកជញ្ជាំងសង្ក័សីខាងក្រោយចំហៀងផ្ទះ មានស្នាមកាត់។
តាមប្រភពបានបន្តឱ្យដឹងទៀតថា បន្ទាប់ពីដឹងថាមានជនសង្ស័យគាស់ផ្ទះ ហើយមានការបាត់បង់លុយប្រហែលជិត ៣ ម៉ឺនដុល្លារ សម្ភារៈរបស់មានតម្លៃមួយចំនួន និង អាវុធខ្លី ១ ដើម ម្ចាស់ផ្ទះបានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋាន មានទាំងកម្លាំងព្រហ្មទណ្ឌខណ្ឌសែនសុខ និង កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចុះទៅកន្លែងកើតហេតុ ធ្វើការឡោមព័ទ្ធទីតាំងខាងលើ ដើម្បីស្វែងរកជនសង្ស័យ តែមិនដឹងថាជនសង្ស័យគេចខ្លួនតាំងពីពេលណានោះទេ៕
ប្រភព ៖ Town News